កំពត៖ ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំ សិក្សាថ្មី ២០២៦-២០២៧ នៅសាលាបឋមសិក្សា ហ៊ុន សែន ឧត្តមសិរីរតន៍ ស្ថិតក្នុងឃុំបានៀវ ស្រុកឈូក ខេត្តកំពត។
ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះចៅអធិការវត្តឧត្តមសិរីរតន៍ អាជ្ញាធរមូលដ្ឋាន ប្រធានការិយាល័យអប់រំ នាយក នាយករង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ព្រមទាំង សិស្សានុសិស្ស សរុបប្រមាណ ៤៦៣នាក់។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់ ដារ៉ា បានឧបត្ថម្ភសម្ភារសិក្សា រួមមាន សៀវភៅចំនួន ៥០០ក្បាល ប៊ិកចំនួន ៥០០ដើម និងថវិកាចំនួន ២.០០០.០០០រៀល សម្រាប់ចូលរួមចំណែកក្នុងការសាងសង់ អគារសិក្សាថ្មីមួយខ្នង មានចំនួន ២បន្ទប់ ដើម្បីបម្រើដល់វិស័យអប់រំ និងជួយសម្រួល ដល់ការសិក្សា របស់សិស្សានុសិស្ស។
ការចូលរួមឧបត្ថម្ភគាំទ្រនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រដល់វិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងអនាគតរបស់ប្រទេសជាតិ៕
