វិមានរដ្ឋសភា៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ព្រមទាំងបានកំណត់កាលបរិច្ឆេទបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីពិភាក្សា អនុម័ត និងសម្រេចសុពលភាពនៃអាណត្តិតំណាងរាស្ត្រថ្មី។
ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ អង្គប្រជុំបានអនុម័តយល់ព្រមលើសំណើសុំប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា គឺ ឯកឧត្តម សុខ ផេង ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ជំនួស ឯកឧត្តម ច័ន្ទ សារុន ដែលបានទទួលមរណភាព ដើម្បីដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភាធ្វើការសម្រេចអំពីសុពលភាពនៃអាណត្តិ។
ទន្ទឹមនឹងនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ក៏បានអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ទៅក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៦ នីតិកាលទី៧ ផងដែរ រួមមាន៖
- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទស្តីពីអន្តរកម្មសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី
- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ
- សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី
អង្គប្រជុំបានឯកភាពកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ ព្រឹក ដើម្បីដំណើរការពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗទាំងនេះជាផ្លូវការផងដែរ៕
