ខេត្តកំពង់ចាម៖ លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា (គណៈកម្មការទី២) និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម រួមជាមួយ លោកជំទាវ ស្រី គឹមឆយ ទីប្រឹក្សារដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសលាកភត្ត ដែលប្រារព្ធធ្វើឡើងនៅវត្តសុទស្សនារាម ជ្រោយថ្ម ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ពិធីបុណ្យសលាកភត្តដ៏មានអត្ថន័យនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីសម្រួលដល់ការផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃថ្វាយដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ព្រមទាំងដើម្បីសាងកុសលសេចក្ដីល្អតាមគន្លងព្រះពុទ្ធសាសនា ដែលជាទីពឹងពាក់ទាំងក្នុងបច្ចុប្បន្ន និងអនាគតជាតិ។ ម្យ៉ាងវិញទៀត នេះក៏ជាកិច្ចឧទ្ទិសផលានុផលបុណ្យកុសលជូនដល់បុព្វការីជន និងញាតិកាលទាំងប្រាំសណ្ដានដែលបានចែកឋានទៅកាន់លោកខាងមុខ ក៏ដូច ជាការបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។
ការអញ្ជើញចូលរួមក្នុងពិធីសាសនានេះ បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការរួមចំណែកយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំស្ត្រីនៃស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការលើកកម្ពស់ និងថែរក្សាប្រពៃណី ទំនៀមទម្លាប់ព្រះពុទ្ធសាសនាដ៏ល្អផូរផង់របស់ជាតិ៕

