វិមានរដ្ឋសភា៖ ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមលក្ខណៈឱ្យបានហ្មត់ចត់សម្រាប់រដ្ឋសភាកម្ពុជា ក្នុងការចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន ព្រមទាំងការសហការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសភានិយាយភាសាបារាំង (APF) នាពេលខាងមុខ។
ថ្នាក់ដឹកនាំ និងតំណាងថ្នាក់ដឹកនាំនាយកដ្ឋានជំនាញនីមួយៗចំណុះអោយអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន បានរាយការណ៍អំពីលទ្ធផលការងារដែលសម្រេចបាន និងផែនការដែលត្រៀមអនុវត្តនាពេលខាងមុខ សំដៅធានាឱ្យដំណើរការរៀបចំឯកសារគន្លឹះ, ខ្លឹមសារសុន្ទរកថារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងការងារបច្ចេកទេស និងពិធីការ ប្រព្រឹត្តទៅដោយរលូន ហ្មត់ចត់ និងទាន់ពេលវេលា។
សូមបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) គឺជាវេទិកាសភានៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យសំឡេង និងឆន្ទៈរបស់ប្រជាពលរដ្ឋជិត ៧០០លាននាក់។ មហាសន្និបាតប្រចាំឆ្នាំនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការទូតសភា ការថែរក្សាសន្តិភាព ស្ថិរភាព ការលើកកម្ពស់សាមគ្គីភាព និងការដោះស្រាយបញ្ហាប្រឈមរួម ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍ អាស៊ានមួយដែលយកប្រជាពលរដ្ឋជាស្នូល។
ដោយឡែក កិច្ចប្រជុំសភានិយាយភាសាបារាំង (APF) អង្គប្រជុំក៏បានពិភាក្សា លើការត្រៀមធ្វើកិច្ចសហការធ្វើជាម្ចាស់ផ្ទះដោយរដ្ឋសភាកម្ពុជា គ្រោងនឹងរៀបចំពិព័រណ៍រូបថតជាប្រវត្តិសាស្ត្រ ដើម្បីបង្ហាញពីសកម្មភាពជាក់ស្តែង និងកម្រងរូបភាពពាក់ព័ន្ធនឹងការរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យកម្ពុជានាពេលកន្លងមក ជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូសភានិយាយភាសាបារាំងទាំងអស់ បានយល់ដឹងកាន់តែច្បាស់អំពីអង្គហេតុ សភាពការណ៍ពិត និង ការប្រកាន់ជំហរសន្តិវិធី តាមរយៈយន្តការការទូត និងការគោរពច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាព្រំដែនរបស់កម្ពុជាផងដែរ។
ឯកឧត្តម ព្រហ្ម វិរៈ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់នាយកដ្ឋាន ព្រមទាំងបានផ្តល់នូវអនុសាសន៍ណែនាំតម្រង់ទិសសំខាន់ៗបន្ថែមទៀត ដើម្បីធានាឱ្យបេសកកម្មការទូតសភាដ៏មានសារៈសំខាន់ទាំងពីរនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិ។
