ខេត្តព្រះសីហនុ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦នេះ បានរៀបចំសិក្ខាសាលាស្តីពី «ការពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋសភា និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ២០២៧» ក្រោមការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូប ដែលរៀបចំឡើងនៅសណ្ឋាគារសុខា នាខេត្តព្រះសីហនុ។
សិក្ខាសាលាដែលរៀបចំធ្វើនៅពេលនេះ ក្នុងគោលដៅប្រមូលធាតុចូល ដើម្បីបន្តជំរុញជោគជ័យលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានិយាយដោយឡែក និងស្ថាប័នរដ្ឋសភានិយាយជារួម សំដៅលើកកម្ពស់អភិបាលកិច្ច និងប្រសិទ្ធភាពការងាររបស់ស្ថាប័ន។
ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរង និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកែទម្រង់រដ្ឋបាលសាធារណៈនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានគូសបញ្ជាក់អំពីសមិទ្ធផលលេចធ្លោដែលសម្រេចបានក្នុងរយៈពេលចុងក្រោយនេះ។ ឯកឧត្តម បានលើកឡើងថា ការកែទម្រង់របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឆ្លុះបញ្ចាំងតាមរយៈអភិក្រមគន្លឹះចំនួន ៣ រួមមាន៖ សង្គតិភាពនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ, បន្ទាត់គណនេយ្យភាពក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ, ព្រមទាំងប្រសិទ្ធភាព ប្រសិទ្ធផល និងភាពសន្សំសំចៃនៃការគ្រប់គ្រងថវិកា។ ឯកឧត្តម បានបន្ថែមថា ជោគជ័យនៃការកែទម្រង់ទាំងរដ្ឋបាល និងហិរញ្ញវត្ថុនេះ គឺជាជំហានគន្លឹះដ៏រឹងមាំក្នុងការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ស្របតាមការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
អញ្ជើញថ្លែងសុន្ទរកថាបើកជាផ្លូវការ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវរបស់ក្រុមការងារកែទម្រង់ ដែលបានរួមចំណែកធ្វើឱ្យដំណើរការនេះសម្រេចបានផ្លែផ្កាគួរឱ្យកត់សម្គាល់។
ឯកឧត្តម បានគូសរំលេចថា ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច គឺជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ឯកឧត្តមអគ្គលេខាធិការបានសង្កត់ធ្ងន់ថា ជោគជ័យ និងសមិទ្ធផលនៃការអភិវឌ្ឍកន្លងមក គឺជាសក្ខីភាពនៃការឈានទៅមុខប្រកបដោយចីរភាព និងឆ្លុះបញ្ចាំងឱ្យឃើញថា អគ្គលេខាធិការដ្ឋានរដ្ឋសភា បាននិងកំពុងដើរលើផ្លូវត្រូវក្នុងការកែទម្រង់ ដើម្បីឧត្តមប្រយោជន៍ស្ថាប័នរដ្ឋសភា និងមន្ត្រីរាជការទាំងអស់។
ទន្ទឹមនឹងនេះ ឯកឧត្តម ឡេង ប៉េងឡុង ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវបន្តក្តាប់ជាប់នូវទស្សនវិស័យ «កែទម្រង់រស់ បើមិនកែទម្រង់ស្លាប់» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ព្រមទាំងយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចប្រធានរដ្ឋសភា និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ដោយបន្តពង្រឹងស្មារតីម្ចាស់ការ ទំនួលខុសត្រូវខ្ពស់ និងកិច្ចសហការឱ្យកាន់តែស្អិតល្មួតបន្ថែមទៀត ដើម្បីជំរុញឱ្យការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៧ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
សូមបញ្ជាក់ថា ក្រោយពិធីបើកជាផ្លូវការសិក្ខាសាលាពិគ្រោះយោបល់ នៅរសៀលថ្ងៃនេះ នឹងបន្តរហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។ អង្គសិក្ខាសាលានឹងរៀបចំបទបទបង្ហាញចែករំលែកមតិយោបល់ និងធាតុចូលនានាពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ សំដៅជំរុញការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈបន្តទទួលបានជោគជ័យដូចការគ្រោងទុក៕
