វិមានរដ្ឋសភា៖ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ព្រមទាំងដាក់ចេញនូវទិសដៅអនុវត្តលើកិច្ចការអាទិភាពធំៗចំនួន ៣ រួមមាន ការធ្វើជំរឿនមន្ត្រី ការប្រឡងប្តូរក្របខណ្ឌ និងការកែសម្រួលរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចរបស់ស្ថាប័ន។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរង និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
នៅក្នុងកិច្ចប្រជុំ អង្គប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗចំនួន ៣ រួមមាន៖
- ការធ្វើជំរឿនមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា
- ដំណើរការនៃការរៀបចំការប្រឡងប្តូរក្របខណ្ឌមន្ត្រីរាជការ
- ការពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ឱ្យកាន់តែស៊ីសង្វាក់គ្នានឹងការវិវត្តជាក់ស្តែង
នាឱកាសនោះ ឯកឧត្តម ឃួន ដាវិត បានតាមដាន វាយតម្លៃ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកានៃក្រុមការងារទាំងអស់ ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់កន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមប្រធានអង្គប្រជុំ បានដឹកនាំការពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយជាក់ស្តែង និងកំណត់ទិសដៅការងារបន្ត សំដៅធានាឱ្យការអនុវត្តផែនការសកម្មភាពកែទម្រង់រដ្ឋបាលសាធារណៈ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងយុទ្ធសាស្ត្រពង្រឹងស្ថាប័ន៕
