ខេត្តព្រៃវែង៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាង ៣០០នាក់ នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ពិធីនេះមានការចូលរួមពីតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែង លោក នួន ហូ ប្រធានក្រុមប្រឹក្សាស្រុកស៊ីធរកណ្តាល ព្រមទាំងប្រជាពលរដ្ឋយ៉ាងកុះករ។
ក្នុងពិធីសំណេះសំណាល ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានសម្តែងនូវមោទនភាពចំពោះវឌ្ឍនភាពជាង ២ឆ្នាំកន្លងមករបស់រដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាស្ត្រីដំបូងគេ ដែលកំពុងជំរុញការធ្វើទំនើបកម្ម និងកំណែទម្រង់ស្ថាប័នយ៉ាងស៊ីជម្រៅ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលកំពុងអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយផ្ដោតលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ បានរំលឹកពីតួនាទី និងភារកិច្ចសំខាន់ៗចំនួន ៣ របស់រដ្ឋសភា រួមមាន៖
ទី១.មុខងារនីតិកម្ម គឺការពិភាក្សា និងអនុម័តច្បាប់។
ទី២.មុខងារតាមដានការអនុវត្តច្បាប់ គឺការធានាតម្លាភាព និងប្រសិទ្ធភាពរដ្ឋបាលសាធារណៈ។
ទី៣.មុខងារភាពជាតំណាង គឺការចុះមូលដ្ឋានជាប់ជាប្រចាំដើម្បីជួយដោះស្រាយសំណូមពរ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ។
ជុំវិញសភាពការណ៍ព្រំដែន និងសន្តិសុខជាតិ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានសង្កត់ធ្ងន់លើការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ដោយបានបញ្ជាក់ថា កម្ពុជាប្តេជ្ញាប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង (វៀតណាម ឡាវ និងថៃ) ទៅជា «ព្រំដែននៃមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»។ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកងទ័ពថៃតាមយន្តការសន្តិវិធី និងបន្តដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ ដោយប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់កម្លាំងយោធា។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានផ្ដាំផ្ញើទិសដៅអាទិភាពជូនដល់ថ្នាក់ដឹកនាំរដ្ឋបាលគ្រប់លំដាប់ថ្នាក់ (ខេត្ត ស្រុក ឃុំ ភូមិ) បន្តគាំទ្រពេញទំហឹងលើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងនឹងការរំលោភបំពានពីយោធាថៃ និងទប់ស្កាត់ចលនាជ្រុលនិយម។ បន្តអនុវត្តវិធានការសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនី ដើម្បីឆ្លើយតបនឹងវិបត្តិសង្គ្រាមមជ្ឈិមបូព៌ាដែលធ្វើឱ្យតម្លៃថាមពលកើនឡើង ព្រមទាំងបន្តអប់រំប្រជាជន និងយុវជនឱ្យយល់ពីគុណតម្លៃនៃសន្តិភាព ដែលរកបានដោយលំបាកបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន។ ទន្ទឹមនឹងនេះ ត្រូវបន្តផ្តល់សេវាសាធារណៈឱ្យទាន់ពេល កាយវិការទន់ភ្លន់ និងបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ពិសេសលុបបំបាត់ក្មេងទំនើង និងគ្រឿងញៀន។ ជាមួយគ្នានេះ បន្តផ្សព្វផ្សាយ និងលើកទឹកចិត្តយុវជនមកពីគ្រួសារក្រីក្រ ឱ្យចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ១២៩៧ របស់ក្រសួងការងារ ព្រមទាំងរួមគ្នាទប់ស្កាត់អតិផរណា រក្សាតម្លៃទំនិញលើទីផ្សារ ជំរុញការផលិតក្នុងស្រុករបស់កសិករ និងសហគ្រាស ព្រមទាំងសហការស្វែងរកទីផ្សារកសិផល។
ពិធីសំណេះសំណាលនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរដ្ឋសភាចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជាការដាក់ចេញនូវយុទ្ធសាស្ត្ររួមគ្នារវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព៕
