ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីត្រៀមដំណើរការសាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅភូមិភាគបូព៌ា ដែលស្គាល់ថាជា «តំបន់ព្រៃតាទក ឬតំបន់៥៧៨» ស្ថិតនៅភូមិសាស្ត្រឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្នុងនាមប្រធានគណៈកម្មការសាងសង់ ឯកឧត្តម វង សូត បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរដែនដីដើម្បីពិនិត្យលើប្លង់ស្ថាបត្យកម្ម ស្ថានភាពភូមិសាស្ត្រជុំវិញ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដើម្បីធានាថាការសាងសង់ស្តូបអនុស្សាវរីយ៍នេះប្រព្រឹត្តទៅដោយរលូន ស្របតាមស្ដង់ដារបច្ចេកទេស និងឆ្លុះបញ្ចាំងពីតម្លៃប្រវត្តិសាស្ត្រដ៏ធំធេងរបស់តំបន់។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានគណៈកម្មការក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារសាងសង់ទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយរក្សាឱ្យបាននូវសោភ័ណភាព បរិស្ថាន និងភាពស្អាតជុំវិញទីតាំងស្តូប ដើម្បីឱ្យសមជាទីកន្លែងគោរពរំលឹកដ៏សក្តិសមបំផុត។
សូមបញ្ជាក់បន្ថែមថា ស្តូបអនុស្សាវរីយ៍ «ព្រៃតាទក-តំបន់៥៧៨» ពេលដែលសាងសង់រួចរាល់ជាស្ថាពរ នឹងក្លាយទៅជារមណីយដ្ឋាន ឬបូជនីយដ្ឋានប្រវត្តិសាស្ត្រដ៏មានតម្លៃ សម្រាប់យុវជន និងកូនចៅជំនាន់ក្រោយ៕
