(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការទី៩នៃរដ្ឋសភា និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសូត្រមន្ត និងក្រុងពាលី បុណ្យកឋិនទានសាមគ្គី នៅវត្តមង្គលវ័ន (ហៅវត្តស្វាយដង្គុំ) ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនានេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ, ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, លោកជំទាវ តិមា វិច្ឆិកាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ, ព្រមទាំង លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងលោកស្រី។
ទន្ទឹមនឹងនេះ ក៏មានការចូលរួមយ៉ាងកុះករពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក-សមាជិកាក្រុមការងារថ្នាក់ខណ្ឌ និងថ្នាក់សង្កាត់ទាំង៨, សមាជិកក្រុមប្រឹក្សាខណ្ឌ, អភិបាលរងខណ្ឌ, ចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៨ នៃខណ្ឌ៧មករា រួមជាមួយឧបាសក ឧបាសិកា លោកតា លោកយាយ និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តយ៉ាងច្រើនកុះករ ប្រកបដោយទឹកចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។
ពិធីបុណ្យកឋិនទានសាមគ្គីនេះ ត្រូវបានរៀបចំឡើងស្របតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា និងគន្លងប្រពៃណីជាតិខ្មែរ ដើម្បីប្រមូលបច្ច័យយកទៅកសាងសមិទ្ធផលនានាក្នុងទីអារាម និងទ្រទ្រង់ដល់ការគង់ចាំព្រះវស្សារបស់ព្រះសង្ឃ។
តាមរយៈពិធី សូត្រមន្ត ក្រុងពាលីនៅថ្ងៃនេះ និងបន្តកម្មវិធីដង្ហែអង្គកឋិនទានសាមគ្គីនៅថ្ងៃទី១ ខែវិច្ឆិកា ស្អែក ឯកឧត្តមបណ្ឌិត លី ឆេង និងលោកជំទាវ ក៏បានឧទ្ទិសកុសលផលបុណ្យជូនចំពោះបុព្វការីជន និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសផងដែរ៕
