ខេត្តតាកែវ៖ ក្រុមតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ រួមមាន លោកជំទាវ និន សាផុន ឯកឧត្តម ស៊ូ ភិរិន្ទ លោកជំទាវ នូ សុវណ្ណនី ឯកឧត្តម លី ស៊ុគ្រី និងឯកឧត្តម អ៉ិត សុខ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរកងទ័ពចំនួន ៤០ គ្រួសារ ស្ថិតនៅក្នុងស្រុកបូរីជលសារ ខេត្តតាកែវ។
ក្នុងឱកាសនោះ លោកជំទាវ និន សាផុន ក្នុងនាមតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ការគិតគូរអំពីជីវភាពរស់នៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ និន សាផុន បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងការលះបង់របស់កងទ័ពជួរមុខក្នុងការការពារបូរណភាពទឹកដី និងរក្សាសន្តិភាពជូនជាតិ។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានជម្រាបជូនអំពីសភាពការណ៍នយោបាយថ្មីៗ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២៧ ខាងមុខផងដែរ។
ដើម្បីជួយសម្រាលជីវភាពរស់នៅ ក្រុមតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនដល់គ្រួសារវីរកងទ័ពទាំង ៤០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ មីជាតិ ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ និងថវិកាចំនួន ៥០,០០០ រៀល។ អំណោយទាំងអស់នេះបានមកពីការចូលរួម វិភាគទានរបស់ក្រុមតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន។
លើសពីនេះ ក្រុមតំណាងរាស្ត្រ ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់អាជ្ញាធរភូមិ-ឃុំ ទាំង៥ នៃស្រុកបូរីជលសារព្រមទាំងផ្តល់ប័ណ្ណអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (អំណោយរបស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ) ជូនដល់និស្សិតចំនួន ១ រូប ដែលរស់នៅក្នុងស្រុកបូរីជលសារផងដែរ៕
