ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ រួមដំណើរដោយ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងលោកជំទាវ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់លើវឌ្ឍនភាពនៃការជួសជុល និងកែលម្អអគារសិក្សាមួយខ្នង សម្រាប់រៀបចំជាបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ នៅវិទ្យាល័យអន្លង់ជ្រៃ ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ដំណើរការជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធអគារសិក្សានេះ កំពុងត្រូវបានអនុវត្តយ៉ាងសកម្មលើផ្នែកបច្ចេកទេសសំខាន់ៗជាច្រើន រួមមានការរៀបក្រាលឥដ្ឋការ៉ូថ្មី ដើម្បីធានាបាននូវអនាម័យ សោភ័ណភាព និងសុវត្ថិភាពខ្ពស់, ការលាបថ្នាំជញ្ជាំង ទ្វារ និងបង្អួចឡើងវិញ ដើម្បីបង្កើតបរិយាកាសសិក្សាស្រស់បំព្រង និងពង្រីកពន្លឺធម្មជាតិ ព្រមទាំងការដំឡើងពិដានការពារកម្ដៅ និងធូលីដី សំដៅប្រែក្លាយទីតាំងនេះឱ្យក្លាយជាបន្ទប់ពិសោធន៍ស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ។
សកម្មភាពចុះពិនិត្យដោយផ្ទាល់នាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរដ្ឋសភា ចំពោះការលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា ជាពិសេសការជំរុញការបង្រៀន និងរៀនមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ ការបំពាក់បន្ទប់ពិសោធន៍ជាក់ស្តែងនេះ នឹងផ្តល់ឱកាសកាន់តែប្រសើរជាងមុនដល់សិស្សានុសិស្សនៅមូលដ្ឋាន អាចផ្សារភ្ជាប់រាល់ទ្រឹស្តីនៅក្នុងសៀវភៅ ទៅនឹងការអនុវត្តពិសោធន៍ជាក់ស្តែង ដែលជាមូលដ្ឋានគ្រឹះដ៍រឹងមាំក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាព ការត្រិះរិះពិចារណា និងភាពច្នៃប្រឌិតខ្ពស់ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍសង្គមជាតិទៅថ្ងៃអនាគត។
ជាមួយគ្នានេះដែរ គណៈប្រតិភូក៏បានថ្លែងការកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមជាងបច្ចេកទេស ក៏ដូចជាគណៈគ្រប់គ្រងសាលា ឱ្យបន្តសហការគ្នាត្រួតពិនិត្យការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងធានាឱ្យអគារបន្ទប់ពិសោធន៍នេះមានគុណភាពរឹងមាំ អាចដាក់ឱ្យប្រើប្រាស់បានយូរអង្វែង និងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
