កោះកុង៖ ឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលខេត្តកោះកុង និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា អមដំណើរដោយលោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល និងលោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ដែលប្រារព្ធឡើងនៅបរិវេណសាលាបឋមសិក្សាស្រែអំបិល។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្ត្រីរាជការ តំណាងអង្គភាពជុំវិញស្រុក អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលសិស្ស ព្រមទាំងប្អូនៗសិស្សានុសិស្ស សរុបប្រមាណ ៧៥០នាក់។ ជាមួយគ្នានេះ ក៏មានវត្តមានសិស្សានុសិស្សចំនួន ២រូប ដែលទើបទទួលបានជ័យលាភីនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗកន្លងទៅផងដែរ ដើម្បីជាការលើកទឹកចិត្ត និងគំរូដ៏ល្អដល់សិស្សជំនាន់ក្រោយ។
បន្ទាប់ពីបញ្ចប់ពិធី ឯកឧត្តមតំណាងរាស្ត្រ ក៏បានបន្តអញ្ជើញទស្សនាបណ្ណាល័យរបស់វិទ្យាល័យស្រែអំបិល ដែលត្រូវបានរៀបចំយ៉ាងមានរបៀបរៀបរយល្អប្រសើរ ព្រមទាំងបានចុះពិនិត្យផ្ទាល់នូវការដ្ឋានសាងសង់សាលពហុបំណងនៅក្នុងបរិវេណវិទ្យាល័យ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ និងធានាថាការអនុវត្តគម្រោងប្រព្រឹត្តទៅបានរលូនស្របតាមស្ដង់ដារបច្ចេកទេសសម្រាប់បម្រើឱ្យសកម្មភាពអប់រំ និងកិច្ចការសហគមន៍នាពេលអនាគត។
សូមជម្រាបជូនថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៦-២០២៧ ដែលជាថ្ងៃដ៏មានអត្ថន័យបំផុតសម្រាប់ក្មួយៗសិស្សានុសិស្សទូទាំងប្រទេស ជាពិសេសកុមារតូចៗដែលទើបដល់អាយុចូលរៀន និងសិស្សានុសិស្សដែលបានឡើងថ្នាក់ថ្មី។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរសាទរ និងកោតសរសើរដល់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ដោយចាត់ទុកថ្ងៃនេះថា ជាឱកាសថ្មីមួយទៀតក្នុងការបន្តសិក្សា ស្វែងយល់ និងកសាងចំណេះដឹង បំណិន និងគុណតម្លៃសម្រាប់អនាគត។
ក្នុងសារលិខិត សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលជានិច្ចកាលតែងតែចាត់ទុក «មនុស្ស» ជាធនធានមិនអាចខ្វះបាន ដោយផ្តោតខ្ពស់លើការអភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ វិន័យ និងសុខភាព ដើម្បីសម្របខ្លួនទៅនឹងការវិវត្តនៃសង្គម និងបច្ចេកវិទ្យា។
ទន្ទឹមនេះ សម្ដេចបានជំរុញឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ដោយពង្រឹងបន្ថែមលើចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស និងយកចិត្តទុកដាក់លើកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន។ សម្ដេច ក៏បានជំរុញឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ៕
