ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូលរួមយ៉ាងសកម្មក្នុងវេទិកាសំណួរ-ចម្លើយ និងសំណូមពរ ដោយបានជជែកដេញដោល និងផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើប្រធានបទសំខាន់ៗចំនួនពីរគឺ សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋសភា និងសេចក្តីព្រាងផែនការប្រតិបត្តិរបស់អង្គភាព នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា សំដៅពង្រឹងប្រសិទ្ធភាពការងារ គណនេយ្យភាព និងការកែទម្រង់ស្ថាប័នឱ្យកាន់តែប្រសើរឡើង។
វេទិកាដ៏មានសារៈសំខាន់នេះ បានដំណើរការទៅក្រោមការសម្របសម្រួលដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា រួមមាន ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា, ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរង និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ក.ហ.ស) និងក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ (ក.រ.ស), ឯកឧត្តម គាំម កុសល អគ្គលេខាធិការរង, ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង, ឯកឧត្តម កៃ កេតនិន អគ្គនាយកនៃអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ និងជាអនុប្រធានក្រុមការងារ ក.រ.ស ព្រមទាំង ឯកឧត្តម សុន សុខហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមការងារ ក.ហ.ស។
នៅក្នុងដំណើរការ នៃកិច្ចពិភាក្សាលើប្រធានបទទីមួយ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មន្ត្រីជំនាញ និងតំណាងអង្គភាពពាក់ព័ន្ធបានលើកឡើងនូវសំណួរបច្ចេកទេស និងសំណូមពរជាក់ស្តែងជាច្រើនពាក់ព័ន្ធនឹងនីតិវិធីនៃការរៀបចំគម្រោងថវិកា ការអនុវត្តការចំណាយ និងការរៀបចំឯកសារគណនេយ្យឱ្យស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ ឆ្លើយតបនឹងបញ្ហាទាំងនេះ ថ្នាក់ដឹកនាំជាអ្នកសម្របសម្រួលបានធ្វើការពន្យល់បកស្រាយយ៉ាងក្បោះក្បាយលើគ្រប់ទិដ្ឋភាព ព្រមទាំងបានកត់ត្រានូវធាតុចូលល្អៗដើម្បីកែលម្អសេចក្តីព្រាងឱ្យកាន់តែមានសុក្រឹតភាពខ្ពស់។
បន្ទាប់ពីការសម្រាក អង្គប្រជុំបានបន្តជជែកដេញដោលយ៉ាងផុសផុលបន្ថែមទៀតលើប្រធានបទទីពីរពាក់ព័ន្ធនឹងសេចក្តីព្រាងផែនការប្រតិបត្តិរបស់អង្គភាព ដោយផ្តោតលើការកំណត់សូចនាករគន្លឹះវាស់វែងលទ្ធផលការងារ ការបែងចែកភារកិច្ចឱ្យចំគោលដៅ និងការរៀបចំធនធានមនុស្សឱ្យឆ្លើយតបទៅនឹងទិសដៅកែទម្រង់រដ្ឋបាលសាធារណៈ។ ថ្នាក់ដឹកនាំជាអ្នកសម្របសម្រួលបានផ្តល់នូវការណែនាំតម្រង់ទិសលម្អិត ដើម្បីធានាឱ្យផែនការសកម្មភាពនីមួយៗអាចអនុវត្តបានជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងភាពច្បាស់លាស់។
វេទិកាសំណួរ-ចម្លើយទាំងពីរបានបញ្ចប់ទៅក្រោមបរិយាកាសបើកចំហ និងស្ថាបនា ដែលបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់របស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការរួមគ្នាជំរុញការងាររដ្ឋបាល និងហិរញ្ញវត្ថុរបស់រដ្ឋសភាឱ្យកាន់តែទំនើប និងមានស្តង់ដារវិជ្ជាជីវៈខ្ពស់៕
