ខេត្តកំពត៖ គណៈប្រតិភូសមាជិកសភា និងអ្នកធ្វើការងារពាក់ព័ន្ធនឹងវិស័យសុខាភិបាល ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ APPF-GH លើកទី៩ នៅកម្ពុជា មកពី ១៦ប្រទេស បានអញ្ជើញធ្វើដំណើរទស្សនកិច្ចសិក្សាផ្ទាល់នៅមណ្ឌលសុខភាពអង្គភ្នំតូច (ស្រុកអង្គរជ័យ) និង មន្ទីពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល (ក្រុងបូកគោ) ខេត្តកំពត នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ដើម្បីដកស្រង់បទពិសោធន៍ជាក់ស្តែងពីការផ្តល់សេវាថែទាំសុខភាពនៅថ្នាក់មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្រោមការដឹកនាំសម្របសម្រួលពីសំណាក់ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំសភា និងព្រឹទ្ធសភាជាច្រើនរូបផ្សេងទៀត ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។
ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋានក្នុងខេត្តកំពតនៅពេលនេះ គឺជាផ្នែកមួយដ៏សំខាន់នៃ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល លើកទី៩» ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។
តាមរយៈទស្សនកិច្ចនេះ គណៈប្រតិភូអន្តរជាតិបានសិក្សាស្វែងយល់ស៊ីជម្រៅពីការផ្តល់សេវាថែទាំសុខភាពបឋមនៅថ្នាក់មូលដ្ឋាន ដែលមានគុណភាព និងនៅជិតប្រជាពលរដ្ឋ ព្រមទាំងពិនិត្យមើលតួនាទីដ៏សំខាន់របស់វិស័យឯកជនមិនរកប្រាក់ចំណេញ ក្នុងការចូលរួមពង្រឹងប្រព័ន្ធសុខាភិបាល និងលើកកម្ពស់សុខុមាលភាពប្រជាជន។ ការចុះពិនិត្យដល់ទីតាំងផ្ទាល់នាឱកាសនេះ បានផ្តល់នូវបទពិសោធន៍ និងគំរូអនុវត្តល្អៗជាច្រើន ដល់តំណាងសភាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក ដើម្បីរួមចំណែកលើកកម្ពស់សុខភាពសកល និងការថែទាំសុខភាពប្រកបដោយសមធម៌ និងបរិយាបន្នផងដែរ៕
























