រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ថ្លែងអបអរសារទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ « ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ថ្លែងអបអរសារទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ « ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (3/4/2024 9:17:18 PM )

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពទទួលស្វាគមន៍គណៈប្រតិភូស្ត្រីមកពីក្រសួងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍ថ្លែងអបអរសារទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា  ឆ្នាំ២០២៤ ដែលបានប្រារព្ធឡើងក្រោមប្រធានបទ « ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»។

ជាមួយនឹងប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចប្រធានរដ្ឋសភា ជូនចំពោះអង្គពិធីទាំងមូល ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបង្ហាញក្តីសោមនស្សរីករាយ ស្វាគមន៍និងអរគុណចំពោះវត្តមានរបស់លោកជំទាវ ឯកឧត្តម លោកស្រី នាងកញ្ញា និងគណៈប្រតិភូស្រ្តីទាំងអស់  ដែលបានឆ្លៀតឱកាសមកជួបជាមួយរដ្ឋសភា នាពេលនេះ និងថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ នេះ ដែលប្រព្រឹត្តទៅក្រោមមូលបទ « ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»  គឺជាមូលបទដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត បង្ហាញអោយឃើញពីការឆ្លើយតបនឹងបរិបទ នៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល ជាពិសេសបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានផ្តោតលើអាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានមានប្រសាសន៍លើកឡើងពីការខិតខំរបស់រដ្ឋសភា នៅក្នុងការជំរុញ លើកកម្ពស់ សមភាពយេនឌ័រ នៅក្នុងកិច្ចការកសាងច្បាប់ ដែលមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់ក្នុងការបញ្ជ្រាបសមភាពយេនឌ័រ នៅក្នុងគោលនយោបាយសាធារណៈ  និងច្បាប់ ដែលគិតពីបញ្ហាប្រឈមរបស់ស្ត្រី។ រដ្ឋសភាក៏កំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពរបស់ស្ត្រីតាមរយៈគំនិតផ្តួចផ្តើម និងវេទិកាសភាជាច្រើន របស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ព្រមទាំងជំរុញសមាជិកាសភាស្ត្រីចូលរួមយ៉ាងសកម្មក្នុងយន្តការទាំងថ្នាក់ជាតិ និងអន្តរជាតិ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសំណូមពរ ដល់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ សូមបន្តកិច្ចខិតខំប្រឹងប្រែងតទៅទៀត ដោយធ្វើយ៉ាងណាបង្កលក្ខណៈឲ្យក្មេងស្រី និងស្ត្រីទទួលបាននូវឱកាសពេញលេញនៅក្នុងការកសាងសមត្ថភាព ពង្រឹងការអប់រំ សីលធម៌ សុជីវធម៌ បង្កើនចំណេះដឹង និងជំនាញក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស។ ចំណែកក្រុមសភាជាតិ នៃអ្នកនយោបាយស្រ្តី ត្រូវបន្តចូលរួមចំណែកឲ្យកាន់តែសកម្មថែមទៀត ដោយសហការជាមួយភាគីពាក់ព័ន្ធ ក្នុងបុព្វហេតុរបស់ស្រ្តី តាមរយៈការងារនីតិកម្ម ដែលជាការងារស្នូលរបស់ស្ថាប័ន ដើម្បីបង្កើតច្បាប់ និងបទដ្ឋានគតិយុត្តនានា សំដៅការពារ និងលើកកម្ពស់សិទ្ធិរបស់ស្រ្តី និងក្មេងស្រី ក្នុងគ្រប់វិស័យ ជាពិសេសក្នុងបរិបទបរិវត្តកម្មឌីជីថលនេះ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤នេះ ក្រសួងកិច្ចការនារី បានជ្រើសរើសយកមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេចនូវសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តីនិងក្មេងស្រី នៅក្នុងវិស័យឌីជីថល ដែលឆ្លើយតបនឹងបរិបទនៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាព    យេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី។

តាងនាមស្រ្តីកម្ពុជា លោកជំទាវរដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះរដ្ឋសភា ដែលជានិច្ចកាល បានគាំទ្រការតាក់តែង ការពិនិត្យ និងសម្រួលការអនុម័តច្បាប់ ដែលការពារ សិទិ្ធ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ទាំងបុរស និងស្រ្តី ហើយការបន្តគាំទ្ររបស់រដ្ឋសភា ចំពោះការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ នៅតែមានសារៈសំខាន់ ដើម្បីពន្លឿនការធ្វើឱ្យសម្រេចបាននូវកិច្ចអភិវឌ្ឍសង្គមមួយ ប្រកបដោយសមធម៌ និងបរិយាបន្ន។

ចំណែកឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅក្នុងសុន្ទរកថាស្វាគមន៍ទៅកាន់អង្គពិធី ក៏បានធ្វើការអំពាវនាវចំពោះសុភាពបុរសទាំងអស់ សូមចងចាំក្នុងមនសិការជានិរន្តថា នារីគឺជាសមភាគីប្រចាំជីវិតរបស់យើង ជាគូរជីវិតរបស់យើង ជាជីដូន ជាម្តាយជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ជាកូនជាទីស្រាឡាញ់បំផុត ការគោរព ការស្រឡាញ់ស្ត្រីភេទ ជាទូទៅទោះជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ នោះគឺជាគុណធម៌ ពោលគឺជាតម្លៃ ដែលផ្តល់សេចក្តីថ្លៃថ្នូរដល់យើងជាមនុស្ស៕