បន្ទាប់ពីដំណើរការ រយៈពេលពេញ១ថ្ងៃ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅអគារ The Kampus ក្នុងរាជធានីភ្នំពេញ អង្គសិក្ខាសាលា ស្តីពីការផ្តល់ភាពអង់អាចដល់យុវជន៖ ការអប់រំ ការងារ និងសុខភាពបន្តពូជ រហូតមកដល់វេលាល្ងាចថ្ងៃដដែលនេះ បានប្រារព្ធពិធីបិទបញ្ចប់ប្រកបដោយជោគជ័យ ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានក្រុមសមាជិកសភាវ័យក្មេង នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា។
អង្គសិក្ខាសាលារយៈពេល១ថ្ងៃនេះ បានដំណើរការតាមកម្មវិធីដែលបានគ្រោងទុក ដោយបានធ្វើការពិភាក្សាលើប្រធានបទចំនួនបី មាន ដូចជា៖
ទី១-ដោះស្រាយបញ្ហាសិទ្ធិ និងសុខភាពបន្តពូជរបស់យុវជន ដើម្បីសម្រេចបានសង្គមមួយដែលមានសុខភាពល្អ
ទី២-អនាគតដែលត្រៀមជាស្រេចសម្រាប់ទាំងអស់គ្នា៖ ការយល់ដឹងអំពីបរិវត្តកម្មឌីជីថលប្រកបដោយបរិយាប័ន្ន សមធម៌ និងគុណភាព ក្នុងការអប់រំសម្រាប់ទាំងអស់គ្នា
ទី៣-អនាគតដែលត្រៀមជាស្រេចសម្រាប់ទាំងអស់គ្នា៖ ការលើកកម្ពស់បរិយាប័ន្នឌីជីថលសម្រាប់សមត្ថភាពការងារយុវជន។
ទាំងវាគ្មិនជាតិ និងវាគ្មិនអន្តរជាតិ ក៏ដូចជាសិក្ខាកាម ដែលបានចូលរួមក្នុងអង្គសិក្ខាសាលា បានធ្វើការចែករំលែកបទពិសោធន៍ និង ពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាយ៉ាងផុលផុស ទៅលើប្រធានបទទាំងបី ក្នុងគោលដៅបើកបង្ហាញនូវវិធីសាស្ត្រ និងគន្លឹះក្នុងការផ្តល់ភាព អង់អាចដល់យុវជន ទាក់ទងនឹងការអប់រំ ការងារ និងសុខភាពបន្តពូជ។
ឯកឧត្តមបណ្ឌិត Jetn Sirathanont សមាជិកសភា នៃព្រះរាជាណាចក្រថៃ និងជាអគ្គលេខាធិការ នៃវេទិកាសមាជិកសភាអាស៊ី- ប៉ាស៊ីហ្វិកដើម្បីប្រជាជន និងការអភិវឌ្ឍ AFPPD បានលើកឡើងនូវចំណាប់អារម្មណ៍ថា កិច្ចពិភាក្សាក្នុងអង្គសិក្ខាសាលានាពេលនេះ បានរួមចំណែកលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកបង្កើតគោលនយោបាយ និងតាក់តែងច្បាប់ រួមទាំងក្នុងមន្ត្រីរាជការតាមបណ្តា ស្ថាប័នរដ្ឋាភិបាល និងអ្នកអនុវត្តផ្ទាល់ ទាក់ទងនឹងបញ្ហាដែលប៉ះពាល់ដល់យុវជន ដោយបានស្វែងយល់ពីលទ្ធភាព ឆ្លើយតបចំពោះ បញ្ហារបស់យុវជន។ ឯកឧត្ដមមានការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះបទអន្តរាគមន៍របស់វាគ្មិនទាំងអស់ ដែលបានឆ្លុះបញ្ចាំងពីបញ្ហា និងបង្ហាញនូវដំណោះស្រាយគន្លឹះ ក្នុងការផ្ដល់ភាពអង់អាចដល់យុវជន ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើការអប់រំ ការងារ និង សុខភាពបន្តពូជ។
ថ្លែងបិទអង្គសិក្ខាសាលា ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា សិក្ខាសាលានាថ្ងៃនេះ ពិតជាមានសារៈសំខាន់ ដែលមានការ ចូលរួមពីគ្រប់ស្ថាប័ន ដោយឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សភា រដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ នៅក្នុងការផ្ដល់ភាពអង់អាចដល់ យុវជន។
ឯកឧត្ដម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះបទបង្ហាញរបស់វាគ្មិនទាំងអស់ ទៅលើប្រធានបទទាំងបី ដែលជាការបង្ហាញនូវ ចក្ខុវិស័យសម្រាប់យុវជន នៅក្នុងបរិបទឌីជីថល ទាក់ទងនឹងការសិក្សា ការងារ និងការយល់ដឹងអំពីសុខភាពបន្តពូជ ជាដើម។ សិក្ខាសាលានេះ ក៏បានបង្ហាញពីការប្ដេជ្ញារួមគ្នាក្នុងការអភិវឌ្ឍយុវជន បង្កើតបរិយាកាសអំណោយផលដល់យុវជន ដែលការវិនិយោគ លើយុវជន គឺជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានធ្វើការចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងនាមជាយុវជន នៅក្នុងរយៈពេល១០ឆ្នាំ កន្លងមកនេះ។ ឯកឧត្ដមបានលើកឡើងដែរថា ដើម្បីជោគជ័យគឺយុវជនខ្លួនឯង ក៏ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ដើម្បីចាប់យកឱកាស ទៅតាមសមត្ថភាពដែលខ្លួនមាន។ ទន្ទឹមនឹងនេះ ឯកឧត្ដមក៏បានធ្វើការចែករំលែកគន្លឹះសម្រាប់ភាពរឹងមាំ ដើម្បីឆ្ពោះទៅរកជោគជ័យ ដ៏សំខាន់ចំនួនបីចំណុចដល់យុវជន ក៏ដូចជាអង្គសិក្ខាសាលានាពេលនេះដែរ រួមមាន៖
១-ជោគជ័យត្រូវពឹងលើការខិតខំរបស់ខ្លួនឯង។
២-សូមកុំធ្លាក់ក្នុងអន្ទាក់ថាខ្លួនជាជនរងគ្រោះ។ បើដឹងថាខ្លួនជាជនរងគ្រោះ គឺត្រូវខិតខំទ្វេឡើង។
៣-ត្រូវបន្តរៀន ស្វែងរកចំណេះដឹងឥតឈប់ឈរ ព្រោះវាជាមូលដ្ឋានគ្រឹះសម្រាប់ឈានទៅដល់ចំណុចខ្ពស់។ ការអនុវត្តចំណេះដឹង អោយត្រូវស្ថានការណ៍ ត្រូវគោលដៅ និងគោលបំណង គឺវាកាន់តែសំខាន់ថែមទៀតសម្រាប់ភាពជោគជ័យ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

























