សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាបន្តសម័យលើកទី៧ នីតិកាលទី៦ ដោយបានពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤
រដ្ឋសភាបន្តសម័យលើកទី៧ នីតិកាលទី៦ ដោយបានពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/27/2022 9:55:05 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំសម័យ- ប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦បន្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា។

សម័យប្រជុំពេញអង្គរដ្ឋសភានាឱកាសនេះ មានរបៀបវារៈចំនួន៥ នៅក្នុងនោះ មានសេចក្តីព្រាងច្បាប់ចំនួន៤ ត្រូវបានលើកយកមក ពិភាក្សា និងអនុម័ត។ បន្ទាប់ពីបានប្រកាសសេចក្តីសម្រេចអំពីសុពលភាព នៃអាណត្តិ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌល ខេត្តកណ្តាល ជំនួស ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាពរួចមក អង្គសភាបានធ្វើការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ទំាង៤ រួមមាន៖

១.ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

២.ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។

៣.ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖

-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជា- មានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។

-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

៤.ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគី នៃអនុសញ្ញាស្តីពីជំនួយក្នុង ករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្ន វិទ្យុសកម្ម។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវ ដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ បានតាក់តែងឡើង ក្នុងគោលបំណងសំខាន់ដល់ការធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេស អំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្ម ចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរប្រព្រឹត្តទៅដោយរលូន និងប្រកបដោយ និរន្តរភាព នៅគ្រប់កាលៈទេសៈ និងធានាការពារ និងថែរក្សានូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថេរភាព នយោបាយរបស់ប្រទេសជាតិ នៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ ប្រជាជនកម្ពុជា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន