ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម
ឯកឧត្តម ឈាង វុន ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/30/2021 4:00:14 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា នៅព្រឹកថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាតំណាង រដ្ឋាភិបាលកម្ពុជានៃគណៈកម្មាធិការសម្របសម្រួលរួមនៃតំបន់ត្រីកោណអភិវឌ្ឍន៍ និងតំណាងអាជ្ញាធរខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម សម្រាប់ការត្រៀមរៀបចំ សន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ គ្រោងនឹង រៀបចំនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ តាមប្រព័ន្ធវីដេអូ ផ្សាយចេញពីវិមានរដ្ឋសភាកម្ពុជា។

កិច្ចប្រជុំត្រៀមនេះ មានការចូលរួមពី លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយ អន្តរសភា កម្ពុជា ឡាវ វៀតណាម និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ពាក់ព័ន្ធ នឹងខេត្តតំបន់ត្រីកោណ រួមជាមួយមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីស្តាប់របាយការណ៍របស់តំណាងរដ្ឋាភិបាលកម្ពុជា នៃគណៈ- កម្មាធិការសម្របសម្រួលរួមនៃតំបន់ត្រីកោណ ក៏ដូចជាអាជ្ញាធរខេត្តក្នុងតំបន់ត្រីកោណ ធ្វើការរាយការណ៍ពីវឌ្ឍនភាពនិងបញ្ហាប្រឈម ជូនស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីជួយធ្វើអន្តរាគមន៍ឱ្យរដ្ឋាភិបាលប្រទេសទំាងបី កម្ពុជា-ឡាវ-វៀតណាម ធ្វើការដោះស្រាយអភិវឌ្ឍន៍តំបន់ ត្រីកោណអោយមានការរីកចម្រើនឡើង។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា យោងតាមស្មារតីនៃលទ្ធផលកិច្ចប្រជុំគណកម្មាធិការសម្រប- សម្រួលចម្រុះ CLV DTA កម្ពុជា ឡាវ វៀតណាម លើកទី១២ (CLV JCC) និងកំណត់ហេតុនៃកិច្ចប្រជុំអនុគណៈកម្មការសម្របសម្រួល ថ្នាក់ខេត្តលើកទី១០ កម្ពុជា ឡាវ វៀតណាម កាលពីខែមីនា ឆ្នាំ២០១៩ ដែលបានរៀបចំកន្លងទៅនៅខេត្តក្រចេះ គឺភាគីទាំងបីប្រទេស បន្តអនុវត្តគម្រោងអាទិភាពដែលមាននៅក្នុងកិច្ចប្រជុំ ខេត្តប៊ិញ ភឿក ប្រទេសវៀតណាម ឆ្នាំ២០១៧។ ដោយឡែកសម្រាប់ ខេត្តទាំង៤ របស់កម្ពុជា (ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី) គឺយើងមានគម្រោងអាទិភាព៥ និងគម្រោងអភិវឌ្ឍន៍សារណៈរបស់ខេត្តដែលបាន ទទួលការគាំទ្របន្ថែមទៀត បាននឹងកំពុងសិក្សា និងអនុវត្តក្នុងក្របខណ្ឌនៃការអភិវឌ្ឍតំបន់ត្រីកោណ CLV DTA ហើយដែលគម្រោង ទាំងអស់នោះបានទទួលការគាំទ្រពីអង្គភាព ក្រសួងជំនាញ ធនាគារADB និងធនាគារពិភពលោក (World Bank) ជាដើម។

ឯកឧត្តមបានបន្តថា ប៉ុន្តែដោយសារវិបត្តិសកលកូវីដ-១៩ដែលបាននឹងកំពុងកើតឡើង និងចេះតែអូសបន្លាយពេលវេលា បានជះឥទ្ធិពល អវិជ្ជមានជាខ្លាំង ដល់ការអនុវត្តគម្រោងអាទិភាព និងគម្រោងអភិវឌ្ឍន៍សាធារណៈដទៃទៀតរបស់ខេត្តទាំង៤ ដែលកន្លងមក មានតែ គម្រោងមួយចំនួនតែប៉ុណ្ណោះ បានអនុវត្តជាបណ្តើៗនិងស្ទើរួចរាល់ មានដូចជា គម្រោងទឹកស្អាត នៅខេត្តស្ទឹងត្រែង គម្រោងស្ថានីយ៍ ស្រាវជ្រាវ និងផលិតពូជត្រី នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ គម្រោងសាង់សង់ប្រព័ន្ធស្រោចស្រពនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង គម្រោងពង្រីកបន្ថែមបណ្តាញផ្គត់ផ្គង់ទឹកស្អាត ក្រុងសែនមនោរម្យ និងតាមបណ្តាស្រុកក្នុងខេត្តមណ្ឌលគិរី គម្រោងសាងសង់មជ្ឈ- មណ្ឌលវិជ្ជាជីវៈកសិឧស្សាហកម្ម នៅខេត្តស្ទឹងត្រែង  គម្រោងអាងប្រព្រឹត្តកម្មទឹកស្អុយ០១គម្រោង នៅក្រុងក្រចេះ  គម្រោងសាងសង់ផ្លូវ DBST ពីបឹងយក្សឡោមទៅទឹកធ្លាក់អូរសិនលែរ៍  ខេត្តរតនគិរី។

ក្រៅពីគម្រោងដែលបានរៀបរាប់ខាងលើ អាជ្ញាធរខេត្តទាំង០៤ ក៏បានលើកឡើងនូវគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត ក្នុងក្របខ័ណ្ឌនៃ តំបន់អភិវឌ្ឍន៍ CLL DTA តែនៅពុំទាន់បានការអនុម័តយល់ព្រម ឬទទួលការគាំទ្រពីអង្គភាពណាមួយនៅឡើយ។

ឯកឧត្តម ឈាង វុន បានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្ម ដែលតែងតែជួយសម្របសម្រួលលើយន្តការគម្រោងទាំងឡាយនេះ ហើយក៏សំណូមពរដល់ក្រសួង អង្គភាពពាក់ព័ន្ធដែលជាម្ចាស់គម្រោង ជួយពន្លឿនការអនុវត្តន៍គម្រោងទាំងឡាយ ដែលពុំទាន់បាន ដំណើរការ ឬក៏ជួយកៀគរបន្ថែមរកដៃគូអភិវឌ្ឍន៍នានា ដើម្បីជួយធានានូវនិរន្តភាពនៃការអនុវត្តគម្រោងរបស់ខេត្តទាំង៤។

ទន្ទឹមនឹងនោះ ឯកឧត្តម ឈាង វុន ក៏បានស្នើពិនិត្យលទ្ធភាពនៃការដាក់បញ្ចូលការវិនិយោគសាធារណៈដទៃទៀត រួមនឹងគម្រោងនានា របស់រាជរដ្ឋាភិបាលដល់ថ្នាក់ក្រោមជាតិនៃខេត្តទាំង០៤ ជាគម្រោងនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណអភិវឌ្ឍ CLV DTA។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន