រដ្ឋសភានឹងបើកសម័យប្រជុំជាវិសាមញ្ញ នៅថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ ស្អែកនេះ ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បន្ទាប់ពី គណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សាចប់សព្វគ្រប់នោះ។ នេះជាការសម្រេចរបស់កិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែមីនាឆ្នាំ២០២១នេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា ក្រៅពីការអនុម័ត លើកយករបៀបវារៈ សម្រាប់សម័យប្រជុំជាវិសាមញ្ញាហើយនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចសមាសភាពលេខា- ធិការសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញចំនួនបីរូប រួមមាន ឯកឧត្តម ថោង វរលក្ខណ៍ ឯកឧត្តម ម៉ា ឈឿន និង ឯកឧត្តម អុី សំអុល។
សូមជម្រាបថា រាជរដ្ឋាភិបាលរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ឡើង នាពេលនេះ ស្របពេលបរិការណ៍ដែល កម្ពុជាកំពុងប្រឈមការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ចាប់តំាងពីជំងឺនេះ មានវត្តមាននៅកម្ពុជាមក។ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ និងបញ្ចប់ប្រកបដោយជោគជ័យ នូវព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ចំនួនពីរលើកមក ហើយ គឺព្រឹត្តិការណ៍សហគមន៍ ៣វិចិ្ឆកា និងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ក្នុងឆ្នាំ២០២០។ ប៉ុន្តែព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១នេះ កំពុងមានសភាពធ្ងន់ធ្ងរ និងមានទ្រង់ទ្រាយធំជាងព្រឹត្តិការណ៍លើកមុនៗ។
សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត មាន ៦ជំពូក និង១៨មាត្រា ដែលនឹងកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលត្រូវ អនុវត្ត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត សំដៅការពារអាយជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រម ទំាងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះចំពោះវិស័យសង្គម និងសេដ្ឋកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន












