គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ ព្រមទាំងតំណាងមកពីគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសហការី មកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនគណៈកម្មការរដ្ឋសភាពីលទ្ធផលការងារសំខាន់ៗរបស់ក្រសួងដែលសម្រេចបាន និងទិសដៅដែលក្រសួងត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧។
នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនគណៈកម្មការរដ្ឋសភាថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ដំណាក់កាលរបស់រាជរដ្ឋា-ភិបាល ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ក្រសួងបានខិតខំបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ដោយបានសម្រេចនូវសមិទ្ធ-ផលសំខាន់ថ្មីៗជាច្រើនលើការរៀបចំគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ការងាររដ្ឋបាលដីធ្លី រៀបចំដែនដី និងនគរូបនីយកម្ម ការគ្រប់គ្រងនឹងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងអភិវឌ្ឍវិស័យសំណង់និងលំនៅឋាន ជាពិសេសក្រសួងកំពុងតែរៀបចំសេចក្តីព្រាងច្បាប់ភូមិបាលថ្មី។
ក្រសួងបានចូលរួមពង្រឹងភាពសុខដុមរមនាក្នុងសង្គម បង្កើតចលករ និងបរិយាកាសល្អ សម្រាប់ធុរកិច្ច និងការវិនិយោគ ជួយរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំគោលនយោបាយសាធារណៈ និងផែនការសកម្មភាពរបស់ខ្លួនបានច្បាស់លាស់ ព្រមទាំងជំរុញបង្កើនចំណូលរបស់រដ្ឋ ដែលជាគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។
លោកជំទាវ និន សាផុន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ព្រមទាំងសហការីទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយវិជ្ជាជីវៈ ជាមួយនឹងការទទួលខុសត្រូវខ្ពស់ ព្រមទាំងការដាក់ចេញនូវផែនការសកម្មភាពការងារ និងទិសដៅការងារបន្ត ដើម្បីឈានទៅសម្រេចបានតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន