លោកជំទាវ ឡោក ខេង ផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសរបស់អង្គការUNwomen __ ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនស្ត្រីមេម៉ាយ នៅឃុំស្ទឹងកែវ __ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃរដ្ឋសភា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ __ ឯកឧត្តម ជាម ប៉េអា៖ មូលដ្ឋានធនធានមនុស្សប្រកបដោយជំនាញ និងចំណេះដឹងច្បាស់លាស់គឺ ជាការធានាកំណើនសេដ្ឋកិចប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ៕

Home » គណៈកម្មការទី៩ » សកម្មភាព » គណៈកម្មការទី៩ នៃរដ្ឋសភា ចុះបំពេញបេសកកម្មការងារ លើវិស័យទទួលខុសត្រូវរបស់ខ្លួន នៅខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង
គណៈកម្មការទី៩ នៃរដ្ឋសភា ចុះបំពេញបេសកកម្មការងារ លើវិស័យទទួលខុសត្រូវរបស់ខ្លួន នៅខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង
Prepaired By: NARA1472 ​ Date: (2/6/2024 12:40:38 AM )

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានជម្រាបជូនកិច្ចប្រជុំថា ការចុះបំពេញបេសកកម្មនៅមូលដ្ឋានខេត្តទាំង២ នាពេលនេះ គឺដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៩ ក្នុងគោលបំណងឈ្វេងយល់ពីកិច្ចការមួយចំនួន ពី លទ្ធផលការងារសំខាន់ៗរបស់រដ្ឋបាលខេត្តដែលសម្រេចបាន ប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់មន្ទីរជំនាញ តើការអនុវត្តច្បាប់ទាំងឡាយ ដែលរដ្ឋសភាបានអនុម័តរួចហើយ ជួបប្រទះនូវការលំបាក និងមានបញ្ហាប្រឈមអ្វីខ្លះ?

លោកជំទាវ និន សាផុន បានបញ្ជាក់ថាកិច្ចប្រជុំនេះមិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញនោះទេ គោលបំណងសំខាន់គឺឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានាក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង បានមានប្រសាសន៍ជម្រាបគណៈគណៈកម្មការទី៩ នៃរដ្ឋសភា អំពីស្ថានភាពទូទៅ និងសភាពការណ៍ក្នុងខេត្ត ពិសេសគឺបានជម្រាបជូនពីការងារមួយចំនួន ដែលទាក់ទងនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ដូចជាសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នោះរួចមក លោកជំទាវ និន សាផុន ក៏បានធ្វើការកោតសរសើរ ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង លើការងារអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែមានសោភណ្ឌភាព និងការរីកចម្រើនគួរឱ្យកត់សម្គាល់។ ពិតណាស់ខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង ពីមួយថ្ងៃទៅមួយថ្ងៃ គឺមានការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់។

លោកជំទាវបន្ថែមថា ខេត្តទាំង២នេះ គឺជាខេត្តដែលធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដូចជាបញ្ហាកង្វះខាតទឹកធ្វើស្រូវប្រាំងជាដើម ទោះបីបងប្អូនប្រជាកសិករយើង បានអនុវត្តន៍លើសផែនការក្តី ក៏ខេត្តបានរកដំណោះស្រាយ បែងចែកទឹកបានដល់គ្រប់គោលដៅនោះផងដែរ។ ក្នុងនាមលោកជំទាវ ក៏បានលើកនូវបទពិសោធន៍ និងអនុសាសន៍ល្អៗមួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ក្រោមជាតិយកទៅអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកជំទាវ និន សាផុន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដោយរួមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានសហការសាមគ្គីរួមគ្នាជាធ្លុងមួយបានយ៉ាងល្អ ខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន យកចិត្តទុកដាក់បំពេញការងារ និងតួនាទីប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត៕