នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងមន្រ្តីពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំវាយតម្លៃលើលទ្ធផលការងាររបស់មជ្ឈមណ្ឌលសភាអាស៊ី(PCAsia) ចាប់ពីឆ្នាំ២០២១រហូតដល់បច្ចុប្បន្ន ជាមួយនឹងទីប្រឹក្សាវាយតម្លៃគម្រោងរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស(SDC) និងទីភ្នាក់ងារអន្តរជាតិរបស់ប្រទេសស៊ុយអ៊ែត(Sida) នៅសាលប្រជុំនៃវិមានព្រឹទ្ធសភា។
ការវាយតម្លៃនេះ ជាការចូលរួមចំណែកផ្តល់ធាតុចូលដល់មជ្ឈមណ្ឌលPCAsia ក្នុងការរៀបចំកម្មវិធី និងជំនួយបច្ចេកទេសក្នុងការពង្រឹងសមត្ថភាពរបស់សភាជាសមាជិកអន្តរសភាអាស៊ាន ដោយផ្តោតលើ៥ចំណុចសំខាន់ៗ ជាអាទិ៍ (១)ការវាយតម្លៃអំពីតម្រូវការជាក់ស្តែងរបស់ព្រឹទ្ធសភា រដ្ឋសភា និងការផ្តល់ជូនរបស់ PCAsia (២)បញ្ហាប្រឈម និងចន្លោះខ្វះខាតនៃការអនុវត្តគម្រោង (៣)ប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាពនៃការអនុវត្តគម្រោង (៤)អនុសាសន៍កែលម្អ និង(៥)គម្រោងសំណើដែលស្របតាមចក្ខុវិស័យអនាគតរបស់ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ផងដែរថា សភាទាំងពីរទទួលបានការគាំទ្រពីមជ្ឈមណ្ឌលសភាអាស៊ី(PCAsia) លើសកម្មភាពសំខាន់ៗមួយចំនួនមានដូចជា៖ (១)ការបណ្តុះបណ្តាលគ្រូបង្គោលលើការងារស្រាវជ្រាវកិច្ចការសភា (២)ការទូតសភា (៣)ការលើកកម្ពស់ការយល់ដឹងអំពីការបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងសកម្មភាពនានារបស់សភា (៤)ជំនាញពាក់ព័ន្ធនឹងការផលិតព័ត៌មាន និង(៥)ជំនាញប្រាស្រ័យទាក់ទងសភា ព្រមទាំងការពង្រឹងសមត្ថភាពសមាជិក-សមាជិកា នៃសភាទាំងពីរតាមរយៈសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍នៃសភាក្នុងតំបន់ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន