រាជធានីភ្នំពេញ៖ តំណាងអនុប្រធានទី១ រដ្ឋសភា ឯកឧត្តម ប្រាក់ ឈៀង នាយករងខុទ្ទកាល័យអនុប្រធានទី១រដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមបុណ្យសព មហាឧបាសិកា អ៊ុក ផាសុកាន និងចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព ដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម ប៉ែន ប្រាកដ នាយករងខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន។
មហាឧបាសិកា អ៊ុក ផាសុកាន បានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០០:៤៥នាទីរំលង អធ្រាត្រ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ នៅបុរីហ្វីហ្វា ហាយឡែន (FIFA Highland) ផ្ទះលេខ A17 ផ្លូវ A ភូមិសំបួរមាស សង្កាត់រកាកោង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម ប្រាក់ ឈៀង បានសម្តែងនូវសមានទុក្ខ និងការសោកស្តាយយ៉ាងក្រៃលែងចំពោះមរណភាពរបស់ មហាឧបាសិកា អ៊ុក ផាសុកាន និងបានឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធសព សូមឱ្យបានទៅកាន់សុគតិភព និងបានសោយសុខក្នុងបរមសុខជានិច្ចនិរន្តរ៍។
ជាទីបញ្ចប់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយដាស់តឿន និងនាំដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា អ៊ុក ផាសុកាន ឱ្យបានទៅកាន់ឋានសុគតិភព និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ព្រមទាំងសាច់ញាតិទាំងអស់ដោយក្តីអាណិតអាសូរជាទីបំផុត៕
