ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ សិក្ខាសាលាស្តីពី «ការពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋសភា និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ ព្រមទាំងផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ២០២៧» បានបន្តដំណើរការជាថ្ងៃទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា, ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរង និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំង ឯកឧត្តម គាំម កុសល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
នៅក្នុងដំណើរការពេញមួយព្រឹកនេះ អង្គសិក្ខាសាលា បានស្តាប់បទបង្ហាញស្តីពីរបាយការណ៍បូកសរុបលទ្ធផលការងារនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៦ ដោយ លោក ពេជ្រ រិទ្ធី ប្រធាននាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងជាសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានរំលេចពីសមិទ្ធផល វឌ្ឍនភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រកបដោយគណនេយ្យភាព។ បន្ទាប់មក លោក ថន ទិត្យសុភា អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងជាមន្ត្រីបង្គោលក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានធ្វើបទបង្ហាញផ្សព្វផ្សាយផែនការសកម្មភាពសម្រាប់ការអនុវត្តឆ្នាំ២០២៧ ដោយបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ និងវិធានការសំខាន់ៗ សំដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងថវិកាជាតិ។
ទន្ទឹមនឹងការកែទម្រង់ហិរញ្ញវត្ថុ កិច្ចការកែទម្រង់រដ្ឋបាលក៏ត្រូវបានលើកយកមកពិភាក្សាយ៉ាងស៊ីជម្រៅផងដែរ តាមរយៈរបាយការណ៍បូកសរុបលទ្ធផលការងារកែទម្រង់រដ្ឋបាលសាធារណៈ ឆ្នាំ២០២៦ និងការប្រមូលធាតុចូលសម្រាប់ឆ្នាំ២០២៧ ដែលធ្វើបទបង្ហាញដោយ ឯកឧត្តម កៃ កេតនិន អគ្គនាយកនៃអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ និងជាអនុប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបើកផ្លូវឱ្យអង្គសិក្ខាសាលាចូលរួមផ្តល់មតិយោបល់ និងធាតុចូលល្អៗសម្រាប់រៀបចំផែនការសកម្មភាពឆ្នាំបន្ទាប់ឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានិយាយដោយឡែកនិងរដ្ឋសភាជាតិទាំងមូលនិយាយជារួម។ ជាមួយគ្នានេះដែរ ឯកឧត្តម សរ គឹមស្រ៊ុន អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ក៏បានធ្វើបទបង្ហាញពីដំណើរការរៀបចំប្រព័ន្ធរដ្ឋបាលអេឡិចត្រូនិក (E-Administration) នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការធ្វើទំនើបកម្មប្រព័ន្ធការងាររដ្ឋបាលឌីជីថល ដើម្បីលើកកម្ពស់តម្លាភាព ភាពរហ័សទាន់ចិត្ត និងប្រសិទ្ធភាពការងារ។
សូមបញ្ជាក់ផងដែរថា ក្រោយពីបញ្ចប់បទបង្ហាញគន្លឹះទាំង៤ខាងលើ នៅរសៀលថ្ងៃដដែល ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា រួមមាន៖ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ, ឯកឧត្តម ឃួន ដាវិត, ឯកឧត្តម គាំម កុសល, ឯកឧត្តម កៃ កេតនិន, ឯកឧត្តម សុន សុខហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង ឯកឧត្តម សរ គឹមស្រ៊ុន នឹងអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាសំណួរ-ចម្លើយ និងសំណូមពរ ដើម្បីជជែកដេញដោល ផ្លាស់ប្តូរទស្សនទាន និងកៀរគរធាតុចូលបន្ថែមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ សំដៅរុញច្រានការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងរដ្ឋបាលសាធារណៈឱ្យសម្រេចបានជោគជ័យត្រចះត្រចង់តាមការគ្រោងទុក។
ជារួម ខ្លឹមសារនៃការពិភាក្សា និងការធ្វើបទបង្ហាញទាំងអស់ក្នុងថ្ងៃទី២នេះ បានផ្តល់ជាធាតុចូលដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការបន្តពង្រឹងអភិបាលកិច្ចល្អ ព្រមទាំងត្រៀមលក្ខណៈសម្បត្តិឱ្យបានពេញលេញ ដើម្បីអនុវត្តផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២៧ ខាងមុខប្រកបដោយប្រសិទ្ធភាពខ្ពស់។
