កំពង់ចាម៖ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាលេខាធិការគណៈកម្មការទី៣ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយចំណុះទូកប្រណាំងចំនួន ២ ស្ថិតក្នុងឃុំកោះទន្ទឹម និងឃុំកោះប្រាក់ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ទូកទាំងពីរនោះរួមមាន៖ ទូកឈ្មោះ «មហិទ្ធិឫទ្ធិតេជោធិបតីបារមីយាយម៉ៅ» និងទូកឈ្មោះ «បារមីតេជះគង់វង្ស» ដែលទទួលបានការឧបត្ថម្ភផ្ទាល់ពី ឯកឧត្តម និងលោកជំទាវ។
ក្នុងឱកាសនោះ ឯកឧត្តម លន់ លឹមថៃ បានថ្លែងអំណរគុណចំពោះព្រះចៅអធិការវត្ត គណៈកម្មការ និងអ្នកដឹកនាំទូក ដែលបានខិតខំរៀបចំ និងដឹកនាំទូកចូលរួមប្រណាំងក្នុងពិធីបុណ្យចេញព្រះវស្សា នៅខេត្តកំពង់ចាម។ ជាពិសេស ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនចំណុះទូកទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ មានសាមគ្គីភាព និងគោរពវិន័យបានយ៉ាងល្អ ដែលជាកត្តារួមចំណែកនាំមកនូវភាពសប្បាយរីករាយជូនដល់សហគមន៍ ភូមិ និងឃុំរបស់ខ្លួន។
ឯកឧត្តម បានគូសបញ្ជាក់ថា ពិធីបុណ្យអុំទូកមិនត្រឹមតែជាព្រឹត្តិការណ៍ប្រពៃណីជាតិដ៏មានអត្ថន័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីសាមគ្គីភាព ការរួបរួម និងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋផងដែរ។ ការដែលប្រជាពលរដ្ឋអាចចូលរួមក្នុងពិធីបុណ្យនេះយ៉ាងច្រើនកុះករ គឺជាការឆ្លុះបញ្ចាំងពីសុខសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេស ក្រោមនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនចំណុះទូក និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តរក្សាស្មារតីសាមគ្គីភាព គាំទ្រសន្តិភាព និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនជាបន្តបន្ទាប់។
ជាកិច្ចបន្ទាប់ ឯកឧត្តម លន់ លឹមថៃ និងលោកជំទាវ បាននាំយកសម្ភារៈប្រើប្រាស់ និងថវិកា ឧបត្ថម្ភជូនដល់ចំណុះទូកប្រណាំងទាំង ២ ដើម្បីជួយសម្រួលដល់ការរៀបចំ និងការចូលរួមក្នុងពិធីប្រណាំងទូក។
អំណោយឧបត្ថម្ភរួមមាន៖
អង្ករ៖ ចំនួន ២៧៥ គីឡូក្រាម
ទឹកបរិសុទ្ធ៖ ចំនួន ១៦ កេស
ភេសជ្ជៈ៖ ចំនួន ១៥ កេស
ទឹកដោះគោស្រស់៖ ចំនួន ១៣ កេស
មីស៊ុប៖ ចំនួន ១៥ កេស
អាវយឺត៖ ចំនួន ១៣៥ កំប្លេ
ថវិកា៖ ចំនួន ១.៨០០.០០០ រៀល
ការឧបត្ថម្ភនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រដល់សកម្មភាពកីឡាប្រពៃណីជាតិ ព្រមទាំងជាការលើកទឹកចិត្តដល់បងប្អូនចំណុះទូកឱ្យបន្តថែរក្សាប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ជាតិ និងពង្រឹងស្មារតីសាមគ្គីភាពក្នុងសហគមន៍ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
