ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លឹម លន់ថៃ លេខាធិការគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ព្រមទាំងសាច់ញាតិមិត្តភក្តិជិតឆ្ងាយ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៤ យ៉ាងកុះករ នៅវត្តបភាវត្យារាមគគរ ដែលមានទីតាំងស្ថិតនៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីជាតិដ៏សំខាន់បំផុតមួយរបស់ព្រះពុទ្ធសាសនិកជនខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីទឹកចិត្តកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅចំពោះបុព្វការីជន និងញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅ។
ក្នុងបរិយាកាសដ៏អធិកអធម និងសែនជ្រះថ្លានៃបុណ្យកាន់បិណ្ឌវេនទី១៤ នេះ ឯកឧត្តម លឹម លន់ថៃ និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ បានអញ្ជើញប្រគេនទាន រាប់បាត្រ ប្រគេនព្រះសង្ឃ និងឧទ្ទិសកុសលផលបុណ្យជូនដល់៖ វិញ្ញាណក្ខន្ធបុព្វការីជន មាតាបិតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសន្តាន ដែលបាន វិញ្ញាណក្ខន្ធបុព្វបុរសអ្នកស្នេហាជាតិ ព្រមទាំងវីរបុរសយុទ្ធជនគ្រប់រូប ដែលបានពលីអាយុជីវិត និងលះបង់កម្លាំងកាយចិត្តក្នុងការការពារបូរណភាពទឹកដី ជាតិមាតុភូមិ ដើម្បីនាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនដល់សង្គមជាតិយើងរហូតដល់សព្វថ្ងៃ។
ក្រៅពីពិធីសាសនាដ៏មានតម្លៃនេះ ឯកឧត្តម និងលោកជំទាវ ក៏បាន-រៀបចំទេយ្យទាន និងថវិកាផ្ទាល់ខ្លួន ព្រមទាំងការចូលរួមពីសប្បុរសជន ដើម្បីប្រគេនដល់ព្រះសង្ឃ និងឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងកម្លាំងការពារសន្តិសុខផងដែរ។
ជាការឆ្លើយតបទៅនឹងតម្រូវការព្រះពុទ្ធសាសនា និងការចូលរួមចំណែកក្នុងសហគមន៍ ឯកឧត្តម និងលោកជំទាវ បាននាំយកនូវគ្រឿងឧបភោគបរិភោគ ចង្ហាន់ប្រគេនព្រះសង្ឃ ព្រមទាំងបច្ច័យសប្បុរសធម៌ឧបត្ថម្ភជូនដល់ផ្នែកពាក់ព័ន្ធនានា សរុបទឹកប្រាក់ចំនួន ២.២៣០.០០០រៀល ៕
