សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនិងរឹងមាំរវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាម ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ជាពិសេស អនុស្សរណៈនៃការយោគយល់គ្នាចំនួន ៦ ដែលទើបបានចុះហត្ថលេខាក្នុងថ្ងៃនេះ ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល សន្តិសុខ និងអប់រំ ជាដើម សំដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានចំនួន ២០ ពាន់លានដុល្លារអាមេរិកនាពេលដ៏ខ្លីខាងមុខនេះ។
សម្តេចប្រធានរដ្ឋសភា បានបង្ហាញការគាំទ្របែបនេះក្នុងឱកាសសម្តេចជួបពិភាក្សាការងារជាមួយឯកឧត្តម ឡេ មិញ ហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ក្នុងពេលឯកឧត្តមនាយករដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រធានរដ្ឋសភាធិបតី បានចាត់ទុកដំណើរទស្សនកិច្ចនេះប្រកបដោយអត្ថន័យ និងបានឆ្លុះបញ្ចាំងពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកុងសង់ស៊ីសនយោបាយ ដែលថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរបានដាក់ចេញ ឱ្យចេញជាការអនុវត្តជាក់ស្តែង ក្រោមស្មារតីលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
ឯកឧត្តម ឡេ មិញ ហ៊ឹង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភាដែលបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមនៅក្នុងឱកាសនេះ។ ជំនួបលើកទី២នេះបានធ្វើឡើង ក្រោយពេលដែលឯកឧត្តមបានជួបពិភាក្សាការងារជាមួយសម្តេចប្រធានរដ្ឋសភា កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ នៅទីក្រុងហាណូយ ក្នុងពេលដែលសម្តេចប្រធានរដ្ឋសភាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសវៀតណាមកាលពីចុងកក្កដា កន្លងទៅ។
ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានកោតសរសើរនិងវាយតម្លៃខ្ពស់ពីការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា នៅក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ឯកឧត្តមមានជំនឿមុតមាំថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា នៅក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រកម្ពុជា នឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៥០ ជាមិនខានឡើយ។ ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាអំពីលទ្ធផលប្រកបដោយផ្លែផ្កានិងអត្ថន័យនៃជំនួបពិភាក្សារវាងឯកឧត្តមនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នៅមុននេះផងដែរ។
ជាមួយការអបអរសាទរលទ្ធផលដ៏ត្រចះត្រចង់នៃជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម ឡេ មិញ ហ៊ឹង សម្តេចប្រធានរដ្ឋសភាក៏បានអបអរសាទរការរីកចម្រើនដ៏ខ្លាំងក្លារបស់ប្រទេសវៀតណាម ជាពិសេសលទ្ធផលនៃការកែទម្រង់ស៊ីជម្រៅរបស់វៀតណាម។ សម្តេចមានជំនឿមុតមាំថាក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ វៀតណាមនឹងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៤៥ជាក់ជាមិនខានឡើយ។
សម្តេចបានមានប្រសាសន៍បន្តថា ក្នុងបរិបទបច្ចុប្បន្នដែលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច តំបន់និងសកល មានការវិវត្តប្រែប្រួល ប្រកបដោយភាពស្មុគស្មាញ មិនប្រាកដប្រជា និងហានិភ័យខ្ពស់ ការទូតសភាដើរតួនាទីយ៉ាងសកម្មខ្លាំងឡើង និងបំពេញបន្ថែមដល់ការទូតរដ្ឋ និងការទូតបក្ស ដោយធានាបាននូវសង្គតិភាព និងការបត់បែន។ រដ្ឋសភាប្រទេសទាំងពីរបានយល់ស្របគ្នាជាឯកច្ឆន្ទ និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលនេះបានឆ្លើយតបសភាពការណ៍ជាក់ស្តែង សំដៅនាំផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងយកប្រជាជនជាស្នូល។
សម្តេចប្រធានរដ្ឋសភាធិបតី ឃួន សុដារី និងឯកឧត្តម ឡេ មិញ ហ៊ឹង បានវាយតម្លៃខ្ពស់ចំពោះការបន្តកិច្ចសហប្រតិបត្តិការនៃរដ្ឋសភាប្រទេសទាំងពីរទាំងក្របខណ្ឌទ្វេភាគីនិងពហុភាគី។ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាពសភា រហូតដល់អគ្គលេខាធិការដ្ឋាន ពិតជាមានសារៈសំខាន់ណាស់សម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។
សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ការលើកកម្ពស់ការទូតសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍដោយចីរភាព ព្រមទាំងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ និងប្រព័ន្ធពហុភាគីនិយមបើកចំហ និងបរិយាបន្ន ព្រមទាំងការកសាងសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលឱ្យកាន់តែមានសមធម៌ យុត្តិធម៌ និងបរិយាបន្ន។ ប្រទេសទាំងពីរ គាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍មជ្ឈភាពអាស៊ាន និងនិម្មាបនកម្មតំបន់ ដោយផ្អែកលើច្បាប់ ក្រោមជំនឿថា អាស៊ានគឺជាខែលការពារដ៏រឹងមាំក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋ។
សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះការរៀបចំព្រឹត្តិការណ៍នានា នៃប្រទេសទាំងពីរ នាពេលខាងមុខនេះ សម្រាប់អបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតេវាងប្រទេសទាំងពីរផងដែរ។ ៦០ឆ្នាំ កន្លងមកនេះ ទំនាក់ទំនងនៃប្រទេសភូមិផងរបងជាមួយគ្នានេះ បានឈរលើភាពជឿជាក់ ស្មោះត្រង់ និងយោគយល់គ្នា ដោយផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕
