បាត់ដំបង៖ ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា, ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះសព ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅទីលានបញ្ចុះសព ស្ថិតនៅក្នុងឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។
ពិធីនេះ មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋជាច្រើនកុះករ ដើម្បីគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព។
ក្នុងឱកាសនោះ ឯកឧត្តម ច័ន្ទ សុផល បានអញ្ជើញបូជាផ្កា និងផ្តល់ព្រះធរណីចំពោះសព ដោយសម្តែងនូវក្តីសោកស្តាយចំពោះការបាត់បង់ឯកឧត្តម ខាន់ ម៉ាណេរ ដែលបានចូលរួមបំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋកន្លងមក។
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សាវិញ្ញាណក្ខន្ធឯកឧត្តម ខាន់ ម៉ាណេរ ឱ្យបានទៅកាន់សុគតិភព និងទទួលបាននូវបរមសុខជានិច្ចនិរន្តរ៍។
ក្នុងឱកាសនោះ តំណាងក្រុមគ្រួសារសព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយក្តីគោរពចំពោះ ឯកឧត្តម ច័ន្ទ សុផល, ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធី និងបានចូលរួមរំលែកទុក្ខប្រកបដោយសេចក្តីស្មោះស្ម័គ្រ ព្រមទាំងបានផ្តល់នូវការយកចិត្តទុកដាក់ ការលើកទឹកចិត្ត និងការឧបត្ថម្ភដ៏ថ្លៃថ្លា ជូនដល់ក្រុមគ្រួសារសព ក្នុងគ្រាដ៏សោកសៅ និងក្រៀមក្រំនៃការបាត់បង់នេះ៕
