តង់ហ្សានី៖ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា នៅព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមវេទិកាសមាជិកសភាជាស្ត្រីនៃសហភាពអន្តរសភា ដែលជាកិច្ចប្រជុំមួយក្នុងក្របខណ្ឌសហភាពអន្តរសភាលើកទី១៥៣ ក្នុងការលើកកម្ពស់យេនឌ័រ និងជំរុញការចូលរួមរបស់ស្ត្រីក្នុងការធ្វើនយោបាយ។
កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅទីក្រុងអារ៉ូហ្សា ប្រទេសតង់ហ្សានី ចាប់ពីថ្ងៃ៥ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។ របៀបវារៈនៃកិច្ចប្រជុំវេទិកាសមាជិកសភាជាស្ត្រីនៃសហភាពអន្តរសភា នាមហាសន្និបាតលើកទី១៥៣ ផ្តោតលើ ការចូលរួមរបស់ស្ត្រីនៅក្នុងយុទ្ធសាស្ត្ររបស់សភាក្នុងការជំរុញសិទ្ធិ និងការផ្តល់អំណាចដល់ជនដែលមានពិការភាព ជាពិសេសស្ត្រី ដើម្បីការអភិវឌ្ឍសង្គមប្រកបដោយចីរភាព ក៏ដូចជាការពិភាក្សាជំរុញទៅលើភាពជាអ្នកដឹកនាំរបស់ស្ត្រីទាំងនៅក្នុងការធ្វើសេចក្តីសម្រេច តួនាទីស្ត្រីក្នុងសង្គម ការចូលរួមក្នុងវិស័យនយោបាយ និងផែនការគោលនយោបាយជាតិ សម្រាប់ការអភិវឌ្ឍ។
ក្នុងរបៀបវារៈនៃកិច្ចពិភាក្សាទៅលើការផ្តល់សិទ្ធិិ និងការចូលរួមរបស់ស្ត្រីពិការ លោកជំទាវ បានថ្លែងបទអន្តរាគមន៍ ដោយបានលើកបង្ហាញអំពីផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពរយៈពេល ៥ឆ្នាំ របស់ប្រទេសកម្ពុជា ដែលបានផ្តល់នូវមាគ៌ាយ៉ាងច្បាស់លាស់ ហើយសមាជិកាសភាកម្ពុជាមានតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយផែនការទាំងនេះឱ្យទៅជាសកម្មភាពជាក់ស្តែង។
សមាជិការសភាកម្ពុជា បានចូលរួមក្នុងការពិនិត្យ ថវិកាជាតិ ដើម្បីធានាថាស្ត្រីពិការទាំងអស់ បានទទួលកិច្ចគាំពារសង្គម និងជំនួយសង្គម។ យើងក៏បានតាមដានការអនុវត្តរបស់ស្ថាបន័នានា ក្នុងការទទួលជនពិការឱ្យធ្វើការងារ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។ ស្ត្រីមានពិការភាពដែលរងគ្រោះដោយអំពើហិង្សា ក៏បានទទួលនូវការផ្តល់មេធាវីដោយឥតគិតថ្លៃ។
កម្មវិធីជួយជ្រោមជ្រែង (Mentoring) និងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ក៏បានផ្តល់ជំនាញ និងភាពជឿជាក់ដល់ស្ត្រីពិការ ឱ្យហ៊ានឈរឈ្មោះជាបេក្ខជន ក្នុងពេលបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងចូលរួមកាន់តែសកម្ម ក្នុងការតាក់តែងច្បាប់ ផ្តល់យោបល់ក្នុងគោលនយោបាយ និងការធ្វើសេចក្តីសម្រេច។
អាស្រ័យដោយការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកំពូល កម្ពុជាអាចដោះស្រាយបានជាបន្តបន្ទាប់ នូវបញ្ហាប្រឈមនានា ក្នុងការពង្រឹង និងផ្តល់អំណាចដល់ស្ត្រីមានពិការភាព ឈានឆ្ពោះទៅធានាថា មិនមានស្ត្រីណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។





