ខេត្តស្វាយរៀង៖ ឯកឧត្តមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ព្រមទាំងក្រុមការងារ នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា រួមមាន ប្រាក់ឧបត្ថម្ភប្រចាំខែ និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារៈផ្សេងៗ ទៅប្រគល់ជូនដល់លំនៅឋានផ្ទាល់របស់លោកយាយចំនួន ២រូប ដែលកំពុងខ្វះខាត និងរស់នៅម្នាក់ឯងដោយគ្មានទីពឹង៖ ១. លោកយាយ ប្រាក់ សារិន អាយុ ៧៧ឆ្នាំ និង២. លោកយាយ ជៀម សារិន អាយុ ៧៦ឆ្នាំ ដោយអ្នកទាំងពីររស់នៅភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមបណ្ឌិត សម តារា និងក្រុមការងារ បានមានមតិសំណេះសំណាល សួរសុខទុក្ខ និងបង្ហាញពីក្តីអាណិតអាសូរយ៉ាងខ្លាំងចំពោះជីវភាពរស់នៅរបស់លោកយាយទាំងពីរ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បាននាំ នូវប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចកិត្តិសិង្ហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសជនចាស់ជរាគ្មានទីពឹង ។
តមកនៅល្ងាចថ្ងៃដដែល ឯកឧត្តមបណ្ឌិត សម តារា ព្រមទាំងក្រុមការងារ បានអញ្ជើញបន្តចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយក ប្រាក់ឧបត្ថម្ភប្រចាំខែ និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារៈផ្សេងៗ ទៅប្រគល់ជូនដល់គ្រួសារដែលមានជីវភាពទីទាល់ក្រ លំបាក និងមានជំងឺប្រចាំកាយ ចំនួន ២រូបទៀតរួមមាន ១. លោកយាយ ទូច ផានី អាយុ ៧៦ឆ្នាំ ២. អ្នកមីង ខាត់ សុបិន អាយុ ៦៦ឆ្នាំ នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត និងក្រុមការងារ បានជូនពរឱ្យលោកទាំងពីរ ឆាប់បានធូរស្រាលពីជំងឺប្រចាំកាយ និងមានសុខភាពល្អរឹងមាំឡើងវិញ។
ការចុះជួបសំណេះសំណាលសួរសុខទុក្ខចំពោះជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋមានជំងឺ ជួបការលំបាកខ្វះខាតនេះ គឺជាបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការមិនបោះបង់ចោលប្រជាពលរដ្ឋដែលកំពុងជួបប្រទះការលំបាកក្នុងមូលដ្ឋាន៕
