ខេត្តកោះកុងកោះកុង៖ ឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលខេត្តកោះកុង និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា ព្រមទាំងលោកជំទាវ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១ ជាមួយអាជ្ញាធរក្រុងខេមរភូមិន្ទ មន្ត្រីរាជការ និងពុទ្ធបរិស័ទ នៅវត្តទេពនិម្មិត (ហៅវត្តថ្មី) សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានវេរប្រគេនចង្ហាន់ ព្រមទាំងទេយ្យវត្ថុចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ជីដូនជីតា ញាតកាទាំងប្រាំពីរសន្តានដែលបានចែកឋាន និងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។
ការចូលរួមពិធីនេះ មិនត្រឹមតែជាការបំពេញបុណ្យកុសលតាមគន្លងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការរួមចំណែកថែរក្សា លើកតម្កើង និងបន្តវេននូវទំនៀមទម្លាប់ ប្រពៃណី និងមរតកវប្បធម៌ដ៏ផូរផង់របស់ជាតិឱ្យបានគង់វង្សតរៀងទៅ៕
