ខេត្តត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន អមដំណើរដោយ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងពុទ្ធបរិស័ទ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តគិរីសុវណ្ណរាម (ហៅវត្តថ្កូវ) ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ សម្តេចទាំងទ្វេ និងគណៈប្រតិភូ បាននាំយកចង្ហាន់ ទេយ្យវត្ថុ និងគ្រឿងបរិក្ខារវេរប្រគេនព្រះសង្ឃ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន បុព្វបុរស និងយុទ្ធជនស្នេហាជាតិដែលបានពលីជីវិត។
ទន្ទឹមនឹងនេះ សម្តេច និងគណៈប្រតិភូ ក៏បានចូលរួមបច្ច័យចំនួន ១០,០០០,០០០ រៀល (ដប់លានរៀល) សម្រាប់កសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងវត្តថ្កូវផងដែរ។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ជាតិខ្មែរ ដែលពុទ្ធសាសនិកប្រារព្ធឡើងដើម្បីសន្សំបុណ្យកុសល បង្ហាញសេចក្តីកត្តញ្ញូ និងរួមចំណែកលើកតម្កើងអត្តសញ្ញាណជាតិ។
សម្រាប់ឆ្នាំ២០២៦ នេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦៕
