កំពង់ឆ្នាំង៖ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម ជាង សិឡាសុមាឫទ្ធិវង្ស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជួបប្រជុំជាមួយសហគមន៍នេសាទព្រែកគន្លងដើម្បីពិភាក្សា និងសិក្សាអំពីលទ្ធភាពនៃការបង្កើតផ្សារសហគមន៍ សម្រាប់ប្រមូលផ្តុំ និងចែកចាយផលនេសាទរបស់ប្រជាកសិករនៅក្នុងមូលដ្ឋាន។
តំណាងរដ្ឋបាលឃុំកំពង់ត្រឡាច មន្ត្រីកសិកម្មឃុំ ព្រមទាំងប្រធាន អនុប្រធាន និងសមាជិកសហគមន៍នេសាទព្រែកគន្លង ដែលស្ថិតនៅភូមិព្រែកគន្លង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ផ្សារសហគមន៍នេះ មិនមែនជាកន្លែងសម្រាប់តែលក់ដូរផលនេសាទតែមួយមុខនោះទេ គឺអាចឱ្យប្រជាពលរដ្ឋយកកសិផលដែលដាំនៅផ្ទះ ឬចំការ និងផលិតផលដែលច្នៃបង្កើតនៅក្នុងតំបន់មកលក់ដូរបានផងដែរ។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា៖ បើសិនជាផ្សារសហគមន៍នេះដំណើរការល្អនោះនឹងប្រែក្លាយតំបន់នេះឱ្យទៅជាមជ្ឈមណ្ឌលប្រមូលផ្តុំ និងចែកចាយផលនេសាទ និងកសិផលដ៏សំខាន់ ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យជលផល និងកសិកម្មក្នុងស្រុក។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ក្នុងនាមជាតំណាងរាស្ត្រ មិនដែលមានបំណងទាញយកផលប្រយោជន៍អ្វីពីប្រជាពលរដ្ឋឡើយ ផ្ទុយទៅវិញគឺដើម្បីជួយជ្រោមជ្រែងនិងដោះស្រាយបញ្ហាប្រឈមជូនបងប្អូនប្រជាពលរដ្ឋ៕







