នាយករដ្ឋមន្រ្តីឡាវ និងសម្តេចរដ្ឋសភាធិបតីប្តេជ្ញាជំរុញទំនាក់ទំនងប្រជាជននិងពាណិជ្ជកម្មប្រទេសទំាងពីរ ឱ្យកាន់តែរីកចម្រើនឡើង __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបឯកឧត្តមប្រធានរដ្ឋឡាវថា រដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាខិតខំឱ្យអស់លទ្ធភាពដើម្បីបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរ__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបពិភាក្សាការងារទ្វេភាគីរវាង អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ជាមួយ អគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ__ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា-ឡាវ ជួបពិភាក្សាការងារទ្វេភាគី ដើម្បីពង្រឹងការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលភាគីទាំងពីរបានចុះហត្ថលេខាកន្លងមក​ __ ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរឡើង ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លទ្ធផលនៃជំនួបរវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ
លទ្ធផលនៃជំនួបរវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (9/28/2023 7:49:13 PM )
ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រថៃ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

ក្នុងជំនួបនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នៅកម្ពុជា និងបានវាយតម្លៃខ្ពស់ដែល ឯកឧត្តម សេដ្ឋា ថាវីស៊ីន បានជ្រើសរើសព្រះរាជាណាចក្រកម្ពុជាជាប្រទេសទីមួយដើម្បីបំពេញទស្សនកិច្ចផ្លូវការ ក្រោយពីឯកឧត្ដមបានក្លាយជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃឡង់ដ៍។

សម្តេចរដ្ឋសភាធិបតី ថែមទាំងបានអបអរសាទរចំពោះ ឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានសភាប្រទេសថៃ បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី កាលពីពេលថ្មីៗកន្លងមកនេះ។

សម្តេចរដ្ឋសភាធិបតី បានចាត់ទុកដំណើរទស្សនកិច្ចនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយ ក្នុងការបន្ដពូនជ្រំនូវកម្លាំងនៃសាមគ្គីភាព មិត្ដភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អនឹងគ្នា ដែលមានជាយូរលង់ណាស់មកហើយឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ស្របតាមស្មារតីនៃ “ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាព”។

ឯកឧត្តម សេដ្ឋា ថាវីស៊ីន បានជម្រាប សម្តេចរដ្ឋសភាធិបតី ថា កម្ពុជាជាប្រទេសទី១ ដែល ឯកឧត្តម បានជ្រើសរើសមកបំពេញទស្សនកិច្ច បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ ឯកឧត្តម មានក្តីរំភើប និងរីករាយជាខ្លាំង ដែលសមភាគីកម្ពុជាបានរៀបចំពិធីបដិ-សណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុត ទំាងនៅខាងរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋសភា។

ឯកឧត្តមនាយករដ្ឋមន្រ្តី បានសម្តែងក្តីមោទកភាពជាមួយ សម្តេចរដ្ឋសភាធិបតី ក្នុងនាមជាស្រ្តីដំបូងរបស់កម្ពុជាដែលទទួលតួនាទីជាអ្នកដឹកនាំស្ថាប័នកំពូលរបស់ជាតិ ដែលនេះជាគំរូមួយសម្រាប់ប្រទេសថៃត្រូវរៀនសូត្រពីកម្ពុជា។

ឯកឧត្តម សេដ្ឋា ថាវីស៊ីន បានជម្រាបជូន សម្តេចរដ្ឋសភាធិបតី ពីលទ្ធផលសំខាន់ៗមួយចំនួនដែល ឯកឧត្តម បានពិភាក្សា និងឯកភាពជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ឱ្យមានការរីកចម្រើនថែមទៀត ទំាងផ្នែកសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងជាពិសេស ការកសាងបន្ទាត់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអបអរនូវលទ្ធផលនៃជំនួបរវាង ឯកឧត្ដមនាយករដ្ឋមន្រ្ដី និង សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីព្រឹកមិញនេះ ថាជាជំនួបដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ ស្អិតល្មួត និងមានប្រសិទ្ធភាពឡើងថែមទៀត ដើម្បីផលប្រយោជន៍នៃប្រទេស និងប្រជាជនទាំងសងខាង។ រដ្ឋសភាកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានស្នើដល់ ឯកឧត្តម នាយករដ្ឋមន្រ្តី បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយថែមទៀត ដូចជាខាងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ និងកសិកម្មជាដើម។

ក្នុងនាមតំណាងរាស្រ្ត និងក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភា សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលប្រទេសថៃ ដែលបានបង្កលក្ខណៈងាយស្រួល និងផ្តល់លក្ខខណ្ឌការងារល្អ ក៏ដូចជាបានការពារសិទ្ធិពលករ និងពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនិងស្នាក់នៅក្នុងប្រទេសថៃ។

ទាក់ទងនឹងការងាររដ្ឋសភាវិញ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើ ឯកឧត្តមនាយករដ្ឋមន្រ្តី ជួយជម្រុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទំាងពីរ ឱ្យកាន់តែសកម្មទ្វេឡើង នៅក្នុងនោះ រដ្ឋសភាកម្ពុជាស្នើដល់រដ្ឋសភាប្រទេសថៃ ដែលមានបទពិសោធន៍បច្ចេកវិទ្យាឌីជីថល ជួយគំាទ្រដល់រដ្ឋសភាកម្ពុជាក្នុងកំណែទម្រង់ដើម្បីឱ្យក្លាយទៅជាសភាឌីជីថលនាពេលខាងមុខ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន