គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំទល់មុខរវាងអគ្គលេខាធិការដ្ឋានអាយប៉ា និងអគ្គលេខាធិការអាស៊ាន __ គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តីអាយប៉ា __ សម្ដេចប្រធានរដ្ឋសភាកម្ពុជាចែករំលែកទស្សនទានគន្លឹះជាច្រើនជាប្រយោជន៍ រួមរបស់តំបន់និង សាកលលោកតាមរយៈកិច្ចប្រជុំពេញអង្ គលើកទី១ អាយប៉ា និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រារព្ធធ្វើ ជាផ្លូវការប្រទេសឡាវនៅថ្ងៃនេះ __ លទ្ធផលការងាររបស់គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ​ ក្នុងថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២៤​ __ សម្តេចប្រធានរដ្ឋសភាអំពាវនាវក្នុងមហាសន្និបាតអាយប៉ា ឱ្យមានការអនុវត្តជាបន្ទាន់និងប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាននៅប្រទេសមីយ៉ាន់ម៉ា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្នើប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េជួយជំរុញទំនាក់ទនងកម្ពុជា-កូរ៉េ ឱ្យដល់កម្រិត “ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្នើប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េជួយជំរុញទំនាក់ទនងកម្ពុជា-កូរ៉េ ឱ្យដល់កម្រិត “ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”
Prepaired By: NARA1472 ​ Date: (9/6/2023 9:04:46 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើ ឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ជួយជំរុញលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ពោលធ្វើយ៉ាងណាឱ្យទំនាក់ទំនង នៃប្រទេសទំាងពីរ បានឈានដល់ “ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” រួមទាំងវិនិយោគ និងពាណិជ្ជកម្ម។

សម្តេចមហារដ្ឋសភាធិការធិបតី ក៏បានស្នើដល់ភាគីរដ្ឋសភាកូរ៉េ បន្តគំាទ្រកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់នានា ដែលរដ្ឋាភិបាលប្រទេសទំាងពីរ (កម្ពុជា-កូរ៉េ) បានធ្វើកន្លងមក ដូចជាការនាំចូលផលិតផលពីកម្ពុជា អភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មកែច្នៃ និងបន្តជួយជំរុញនិងគាំទ្ររដ្ឋាភិបាលកូរ៉េ បន្តការគាំទ្រដល់ពលករ និងពលរដ្ឋកម្ពុជា ដែលកំពុងបម្រើការ និងស្នាក់នៅក្នុងប្រទេសកូរ៉េ។ លើសពីនេះ សម្តេចមហារដ្ឋសភាធិការធិបតី ក៏បានលើកជាសំណើដល់ប្រធានរដ្ឋសភាកូរ៉េ បង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជាឱ្យកាន់តែស៊ីជម្រៅ និងជិតស្និទ្ធថែមទៀតនៅគ្រប់កម្រិត តាំងពីកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាពសភា រហូតដល់កម្រិតមន្ត្រីជំនាញ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្នែកព័ត៌មានវិទ្យា និងការស្រាវជ្រាវ ជាដើម។

សំណើនេះ បានលើកឡើងនៅក្នុងជំនួបទ្វេភាគីរវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា។

ក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តម គីម ជីន ព្យូ បានសម្តែងការអបអរសាទរចំពោះការបង្កើតនូវរាជរដ្ឋាភិបាល និងរដ្ឋសភាអាណត្តិថ្មី ដែលជាអ្នកបន្តវេនពោរពេញដោយថាមពលនៅក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តមប្រធានរដ្ឋសភា បានអបអរសាទរ ចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ដែលជាស្រ្តីដំបូងនៅកម្ពុជា ដែលបានក្លាយជាប្រធានរដ្ឋសភា។ ឯកឧត្តម គីម ជីន ព្យូ បានគូសបញ្ជាក់ថា រដ្ឋសភាសាធារណរដ្ឋកូរ៉េត្រៀមខ្លួនជានិច្ចនៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពរវាងរដ្ឋសភានិងរដ្ឋាភិបាលប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។

ឯកឧត្តម គីម ជីន ព្យូ បានលើកឡើងថា ទំនាក់ទំនងប្រទេសកម្ពុជា និងកូរ៉េ មានការរីកចម្រើនជាលំដាប់ ទំាងវិស័យការទូត និងពាណិជ្ជកម្ម។ ការវិនិយោគនៅកម្ពុជារបស់កូរ៉េ បានកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្មរថយន្ត។ ប្រធានរដ្ឋសភាកូរ៉េ បានសន្យាថា នឹងខិតខំជំរុញការផ្តល់ជំនួយនានាដល់កម្ពុជា នៅក្នុងនោះមាន ការបង្កើនកូតាពលករ បច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលសមត្ថភាពមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាជាដើម។

សូមជម្រាបជូនថា សាធារណរដ្ឋកូរ៉េបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទាននានា ជាពិសេសក្នុងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។ នៅឆ្នាំ២០២២ កូរ៉េបានផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន១៥០លានដុល្លារ ដែលជាជំនួយធំបំផុតរបស់កូរ៉េដល់កម្ពុជា។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភ គាំទ្រ ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ។ សម្តេចមហារដ្ឋសភាធិការធិបតី បានគូសបញ្ជាក់ថា ជាការពិតណាស់ គោលដៅអភិវឌ្ឍន៍របស់កម្ពុជានឹងមិនអាចសម្រេចបានទេ ប្រសិនបើមិនមានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូអន្តរជាតិ ដូចជាសាធារណរដ្ឋកូរ៉េ ជាដើម។

ក្នុងនាមរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី សូមគាំទ្រយ៉ាងពេញទំហឹងចំពោះអនុស្សរណៈនៃកិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលនៃប្រទេសទំាងពីរបានធ្វើជាមួយគ្នាកន្លងមក។ រដ្ឋសភាកម្ពុជា បានបង្ហាញនូវការគាំទ្រ ចំពោះរដ្ឋាភិបាលកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះពិរព័ណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន ដែលជាមហាព្រឹត្តិការណ៍មួយនឹងនាំមកនូវឱកាសថ្មីដល់សាធារណរដ្ឋកូរ៉េ ក៏ដូចជាតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល។

សូមជម្រាបថា នៅក្នុងជំនួបពិភាក្សាទ្វេភាគីនេះ ប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ បានចែករំលែកអំពីស្ថានការណ៍នយោបាយ សង្គម សេដ្ឋកិច្ច និងរដ្ឋសភាពីគ្នាទៅវិញទៅមក ផងដែរ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានជម្រាបជូនគណៈប្រតិភូថា កម្ពុជាសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ ដោយសារនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស។ សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ហើយរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់គោលនយោបាយធំៗជាអាទិភាពគឺ ការពារសន្តិភាព ស្ថិរភាព និងរាល់សមិទ្ធផលសង្គមជាតិឱ្យរឹងមាំស្ថិតស្ថេរគង់វង្ស តាមរយៈការដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានបង្កើតឡើងក្រោយពីការបោះឆ្នោតដោយសេរី យុត្តិធម៌ គ្មានអំពើហឹង្សា នៅខែកក្កដា កន្លងទៅនេះ ដោយមានគណបក្សនយោបាយ ចំនួន១៨ បានចូលរួម និងមានអ្នកទៅបោះឆ្នោតចំនួន ៨៤.៥៨% នៃពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតសរុប។ ជាលទ្ធផល គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ លើសលប់គិតជាភាគរយប្រមាណ ៨២.៣% នៃចំនួនអ្នកបោះឆ្នោត បើប្រៀបធៀបជាមួយនឹងការបោះឆ្នោត ៦លើក កន្លងមក គិតពីឆ្នាំ១៩៩៣។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍បន្តថា ការចូលរួមក្នុងដំណើរការបោះឆ្នោត និងការគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់ប្រជាជនកម្ពុជា ជាកត្តាសត្យានុម័តជួយឱ្យដំណើរការផ្ទេរអំណាច ប្រព្រឹត្តទៅដោយរលូន និងមានសុខសន្តិភាពបរិបូរណ៍។ នេះជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តមួយដ៏សំខាន់ និងអស្ចារ្យសម្រាប់កម្ពុជា ដោយសាររយៈពេលប្រមាណ៥០០ឆ្នាំកន្លងមកនេះ កម្ពុជាពុំមានការផ្លាស់ប្តូរអំណាចដោយសន្តិវិធី និងសាមគ្គីភាពជាតិដូចពេលនេះឡើយ។

ក្នុងគោលដៅពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាព និងស៊ីជម្រៅឡើង ឯកឧត្តម គីម ជីន ព្យូ បានគោរពអញ្ជើញ សម្តេចមហារដ្ឋសភាធិការធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េក្នុងពេលឆាប់ៗខាងមុខនេះ។ សំណើនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានទទួលយក ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន