លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានទទួល ឯកឧត្តម ចែ អ៊ីលប្យុន (Jae-il Byun) ប្រធាន ក្រុមប្រឹក្សាសភាទឹកអាស៊ី Asia National Assembly Water Consultative (AAWC) ចូលជួបសម្តែងការគួរសម ក្នុងឱកាសដឹកនាំ គណៈប្រតិភូ អញ្ជើញមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទឹកនៃសភាអាស៊ីលើកទី៥ នៅកម្ពុជា ពីថ្ងៃទី២៣-២៥ ខែឧសភា ឆ្នាំ២០២៣។
លោកជំទាវបានគូសបញ្ជាក់ថា នៅក្នុងដំណាក់កាល នៃបម្រែបម្រួលអាកាសធាតុ និងការប្រែប្រួលសណ្តាប់ធ្នាប់ពិភពលោក សន្តិសុខ- ស្បៀងគឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីធានាបាននូវការបម្រើជូនប្រជាជនក្នុងពេលដែលមានវិបត្តិសង្គ្រាមកើតឡើង។ ហេតុដូចនេះ សន្តិសុខទឹក ពិតជាមានភាពពាក់ព័ន្ធទៅនឹងវិស័យជាច្រើនដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ការគ្រប់គ្រង និងត្រួតពិនិត្យលើ បរិមាណ និងគុណភាពទឹក ទាមទារនូវការយល់ដឹងអំពីវិទ្យាសាស្រ្ត បរិស្ថាន សង្គម និងតម្រូវការរបស់មនុស្ស ជាពិសេស ការវិនិយោគ លើការកសាងធនធានមនុស្ស បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធទឹក។
តាងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងខ្លួនលោកជំទាវផ្ទាល់ លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែង ការស្វាគមន៍យ៉ាងកក់ក្តៅ និងសូមកោតសរសើរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ប្រធាន AAWC និងគណៈប្រតិភូដែលបានយកចិត្តទុក- ដាក់ខ្ពស់ក្នុងការរៀបចំ និងបានអញ្ជើញមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទឹកនៃសភាអាស៊ីលើកទី៥ នៅព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវបានមានប្រសាសន៍ថា កិច្ចប្រជុំ AAWC លើកទី៥ ធ្វើឡើងស្របពេលដែលកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះទើបតែបញ្ចប់ប្រកបដោយមោទនភាពជាតិ និងជោគជ័យយ៉ាងធំធេងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដោយបានឆ្លុះបញ្ចាំងនូវប្រវត្តិ សវតារបស់ព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណកាលរហូតមកទល់សម័យទំនើបបច្ចុប្បន្នដល់ជនរួមជាតិកម្ពុជាគ្រប់ស្រទាប់វណ្ណៈ និង ទូទាំងពិភពលោក។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ប្រធាន AAWC និងភរិយារបស់គាត់ ដែលបានបង្កើតស្ថាប័ន អប់រំ និងវេជ្ជសាស្ត្រសម្រាប់ការអប់រំ និងពេទ្យស្ម័គ្រចិត្ត រួមមាន "អ្នកស្ម័គ្រចិត្តសម្រាប់សេវាអប់រំនៅអាស៊ី" (VESA) សម្រាប់ការងារ ស្ម័គ្រចិត្តផ្នែកអប់រំនៅកម្ពុជា និងសម្រាប់ការពង្រឹងសមត្ថភាពជាតិ។ តាមរយៈគំនិតផ្តួចផ្តើមនេះ សាលា Ewha Srang ត្រូវបានបង្កើត- ឡើងការផ្គត់ផ្គង់ទឹកស្អាតសម្រាប់សិស្សសាលា Ewha Srang តាមរយៈជំនួយ AAWC-AWC និងមណ្ឌលសុខភាពសហគមន៍ (Ewha Srang Health Clinic) នៅខេត្តកំពង់ស្ពឺ។ លោកជំទាវ បានគូសបញ្ជាក់ថា ការបរិច្ចាគដ៏សប្បុរសនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍន៍សហគមន៍។
លោកជំទាវបានធ្វើការវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សភាកម្ពុជា AAWC រួមសហការជាមួយនឹងស្ថាប័ន និងអាជ្ញាធរមាន សមត្ថកិច្ចរបស់កម្ពុជាក្នុងការរិះរកវិធីសាស្រ្ត បច្ចេកទេស ដោះស្រាយបញ្ហាទឹក ដែលបាននឹងកំពុងអនុវត្តក្នុងខេត្តកំពង់ស្ពឺ និងគម្រោង ពង្រឹកបន្ថែមទៀតទៅខេត្តកំពង់ធំ រួមមាន ការផ្គត់ផ្គង់ទឹកទៅទីកន្លែងដែលខ្សត់ខ្សោយទឹក ការធ្វើទំនើបកម្ម និងសុខុមាលភាពទឹក គ្រប់គ្រងទឹកស្អាត និងការអប់រំប្រជាជនអោយយល់ដឹងបន្ថែមចំណេះដឹងពាក់ព័ន្ធនឹងទឹក។
ក្នុងឱកាសនេះ ឯកឧត្តម ចែ អ៊ីលប្យុន បានថ្លែងអំណរគុណ ចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត អនុប្រធានទី២ នៃរដ្ឋសភា ដែលបាន ចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបគណៈប្រតិភូនាពេលនេះ។ ឯកឧត្តមប្រធានប្រតិភូ ក៏បានថ្លែងនូវការកោតសរសើរ និងសូម អរគុណចំពោះការគាំទ្ររបស់រដ្ឋសភាកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំ AAWC លើកទី៥ នៅរាជធានីភ្នំពេញនាពេលនេះ។
ឯកឧត្តមបានកត់សម្គាល់ថា ដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុ ប្រទេសជាច្រើនក្នុងតំបន់អាស៊ានជួបប្រទះបញ្ហាទឹកទាំងនូវរដូវ- ប្រាំង និងរដូវវស្សានោះគឺគ្រោះទឹកជំនន់ និងកង្វះទឹកប្រើប្រាស់នូវរដូវរាំងស្ងួត។ ឯកឧត្តមបានលើកឡើងថា វេទិកា AAWC លើកទី៥ នឹងប្រមូលផ្តុំនូវថ្នាក់ដឹកនាំ អ្នកធ្វើគោលនយោបាយ អ្នកជំនាញបច្ចេកទេស មកពីស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការពិភាក្សា និងរកដំណោះ- ស្រាយផ្សេងៗលើបញ្ហាទឹក រួមមាន ការគ្រប់គ្រងធនធាន បរិមាណ និងគុណភាពទឹក។
លោកជំទាវបានសម្តែងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានកំណើនល្អប្រសើរជាបន្តបន្ទាប់។ បន្ថែមទៀត រដ្ឋសភាសូមលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ពិនិត្យសក្តានុពលឱ្យអស់លទ្ធភាព ក្នុងការបង្កើនការរិះរកដំណោះស្រាយ ផ្លាស់ប្តូរបទ- ពិសោធន៍ ជំនាញ ចំណេះដឹង ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីនាំមកនូវកំណើន សេដ្ឋកិច្ចរួម និងវិបុលភាពសម្រាប់ប្រជាជនទាំងពីរ។
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន
















