រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភាជំរុញរដ្ឋបាលខេត្តស្វាយរៀង ពង្រឹងការផ្សព្វផ្សាយការប្រើប្រាស់ប័ណ្ណ(ប.ស.ស) និងប័ណ្ណសមធម៌ ឲ្យកាន់តែទូលំទូលាយថែមទៀត
គណៈកម្មការរដ្ឋសភាជំរុញរដ្ឋបាលខេត្តស្វាយរៀង ពង្រឹងការផ្សព្វផ្សាយការប្រើប្រាស់ប័ណ្ណ(ប.ស.ស) និងប័ណ្ណសមធម៌ ឲ្យកាន់តែទូលំទូលាយថែមទៀត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/4/2019 9:42:26 PM )

នៅក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូគណៈកម្មការទៅកាន់ខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានមានប្រសាសន៍ ជំរុញឲ្យអាជ្ញាធរខេត្តស្វាយរៀង ពង្រឹងការផ្សព្វផ្សាយការប្រើប្រាស់ប័ណ្ណ (ប.ស.ស) និងប័ណ្ណសមធម៌ជូនដល់ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងបានយល់ដឹងឲ្យកាន់តែទូលំទូលាយថែមទៀត។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍បែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងប្រធានមន្ទីរពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ នៅឯសាលាខេត្តស្វាយរៀង។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ទៀតថា បេសកកម្មរបស់គណៈប្រតិភូគណៈកម្មការពេលនេះ ក៏មានគោលបំណងតាមដាន ការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទីបួន ដែលបានដាក់ចេញនូវការប្រើប្រាស់ប័ណ្ណ(ប.ស.ស) សម្រាប់ កម្មករ កម្មការិនី មន្ត្រីរាជការ និងប័ណ្ណសមធម៌ សម្រាប់ប្រជាពលរដ្ឋក្រីក្រ ក៏ដូចជាឈ្វេងយល់ពីសមិទ្ធផលការងារ និងបញ្ហាប្រឈម របស់មន្ទីរទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទទួលបន្ទុកនៅខេត្តស្វាយរៀងនេះ។

ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល និងដំណើរការកែទម្រង់ស៊ីជម្រៅនៅគ្រប់ថ្នាក់ គ្រប់ផ្នែក រដ្ឋបាលខេត្ត បានបន្តជំរុញអនុវត្តដោយ ឆន្ទៈមុតស្រួច និងកាន់តែមានប្រសិទ្ធភាព លើការលើកកម្ពស់អភិបាលកិច្ចល្អនៃស្ថាប័នរដ្ឋ ការពង្រឹងយុត្តិធម៌ សមធម៌ក្នុងសង្គម និង ការអភិវឌ្ឍប្រទេសជាតិ ដោយទទួលបាននូវការអបអរសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ឯកឧត្តមបានជម្រាបជូនពីសមិទ្ធផល ដែលខេត្តសម្រេចបាន និងគម្រោងផែនការអភិវឌ្ឍន៍ខេត្ត ដែលបង្កលក្ខណៈអនុគ្រោះដល់អ្នក វិនិយោគក្នុង និងក្រៅប្រទេសមកបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តស្វាយរៀង មានការកើនឡើងជាបន្តបន្ទាប់។ រហូតមកទល់ពេលនេះ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន១១កន្លែង ដែល៨កន្លែងកំពុងដំណើរការ ក្នុងនោះមានរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជនចំនួន ១៩៤កន្លែង ដោយផ្តល់ការងារជូនប្រជាពលរដ្ឋបានយ៉ាងច្រើន។

រដ្ឋបាលខេត្តក៏បានជម្រាបជូនពីការរីកចម្រើនលើវិស័យសុខាភិបាល វិស័យសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារីផងដែរ ដោយបានធ្វើការកត់សម្គាល់ថា ក្នុងទូទាំងខេត្តស្វាយរៀងមានមន្ទីរពេទ្យខេត្ត មួយ នឹងមន្ទីរពេទ្យបង្អែកចំនួន៥កន្លែងមណ្ឌលសុខភាពចំនួន៤៥កន្លែង និងប៉ុស្តិ៍សុខភាពមានចំនួន២កន្លែង។ ចំណែកឯការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងការផ្គត់ផ្គង់ឱសថ បរិក្ខារពេទ្យ ដល់មូលដ្ឋានសុខាភិបាលសាធារណៈទូទាំងខេត្តក៏មានការកើនឡើង ជារៀងរាល់ឆ្នាំ។

ទាក់ទិននឹងការប្រើប្រាស់ប័ណ្ណ ប.ស.ស ប័ណ្ណសមធម៌ និងប័ណ្ណអត្ថិភាពសម្រាប់ប្រជាពលរដ្ឋក្រីក្រ ឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា សព្វថ្ងៃនេះខេត្តបានជួយសម្រួល ដោះស្រាយបញ្ហាប្រឈមជាច្រើនពាក់ព័ន្ធទៅលើការប្រើប្រាស់បណ្ណ័ ប.ស.ស ប័ណ្ណសមធម៌ និងប័ណ្ណអត្ថិភាពសម្រាប់ប្រជាពលរដ្ឋក្រីក្រ ជូនដល់កម្មករ កម្មការិនីនៅតាមរោងចក្រ សហគ្រាសនានា នៅក្នុងខេត្ត ស្វាយរៀងទាំងមូល។

លោកជំទាវ ឡោក ខេង បានកោតសរសើរដល់រដ្ឋបាលខេត្តស្វាយរៀង ដែលបានខិតខំបណ្តុះបណ្តាលធនធានមនុស្ស តាមវិទ្យាស្ថាន ពហុបច្ចេកទេស វិទ្យាស្ថានកសិកម្ម និងវិទ្យាស្ថានផ្សេងៗ ដើម្បីអោយខេត្តស្វាយរៀងកាន់តែមានសក្តានុពលខ្លាំង និងស្រូបយកអ្នក វិនិយោគមកបណ្តាក់ទុននៅក្នុងខេត្ត បានកាន់តែច្រើន ដោយបានរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង។

លោកជំទាវប្រធានគណៈកម្មការក៏បានជំរុញអោយមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពខិតខំយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពរបស់ ខ្លួន ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដើម្បីប្រកួតប្រជែងជាមួយមន្ទីរពេទ្យឯកជន និងចូលរួមជួយទប់ស្កាត់ ព្យាបាលជំងឺមិនឆ្លង អោយកាន់តែមានប្រសិទ្ធិភាព ព្រោះបច្ចុប្បន្ន ជំងឺប្រភេទនេះបានសម្លាប់មនុស្សមានចំនួនកើនឡើងគួរឲ្យព្រួយបារម្ភ។ លោកជំទាវបាន ស្នើឲ្យអាជ្ញាធរខេត្ត បន្តយកចិត្តទុក្ខដាក់ចំពោះការបំផ្លាញកាកសំណល់វេជ្ជសាស្រ្តរបស់មន្ទីរពេទ្យឯកជននៅក្នុងខេត្ត អោយត្រឹមត្រូវតាម លក្ខណៈបច្ចេកទេសផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន