វិមានរដ្ឋសភា៖ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងរៀបចំលក្ខណៈសម្បត្តិ សម្រាប់ការប្រព្រឹត្តទៅនៃសិក្ខាសាលាពិគ្រោះយោបល់នាពេលខាងមុខ។
កិច្ចប្រជុំនេះផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន ២ រួមមាន៖
១.ស្តាប់បទបង្ហាញស្តីពីវឌ្ឍនភាពនៃការត្រៀមរៀបចំសិក្ខាសាលាស្តីពី «ការពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (FMM) របស់រដ្ឋសភា បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ២០២៧ ក្រោមការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកែទម្រង់រដ្ឋបាលសាធារណៈ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា» ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។
២.ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបៀបវារៈសិក្ខាសាលា៖ សមាជិក សមាជិកា នៃអង្គប្រជុំ បានរួមគ្នាកែសម្រួល និងផ្តល់មតិយោបល់លើសេចក្តីព្រាងរបៀបវារៈនៃសិក្ខាសាលាខាងលើ ដើម្បីធានាឱ្យដំណើរការនៃការរៀបចំប្រព្រឹត្តទៅដោយរលូន៕
