វិមានរដ្ឋសភា៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាលើការងារសំខាន់ៗមួយចំនួន។
ជំនួបប្រជុំនេះ បានផ្តោតទៅលើផែនការចុះបេសកកម្មតាមបណ្តាខេត្ត ដើម្បីតាមដាន និងវាយតម្លៃផ្ទាល់លើការអនុវត្តច្បាប់ និងការអភិវឌ្ឍក្នុងវិស័យពាក់ព័ន្ធ ក្នុងអំឡុងពេលវិស្សមកាលនៃរដ្ឋសភា។
ជាពិសេសនឹងអញ្ជើញ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកចូលរួមប្រជុំបំភ្លឺអំពីវឌ្ឍនភាពការងារ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ក្នុងការដោះស្រាយបញ្ហាប្រឈម និងផែនការសកម្មភាពយុទ្ធសាស្ត្រនៃការអនុវត្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។
គួរជម្រាបថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (Pentagonal Strategy - Phase 1) គឺជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា (ឆ្នាំ២០២៣-២០២៨) ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
យុទ្ធសាស្ត្រនេះមានគោលដៅចម្បងក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ ដើម្បីឈានទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ (ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់) និង ឆ្នាំ២០៥០ (ជាប្រទេសមានប្រាក់ចំណូលខ្ពស់)៕
