វិមានរដ្ឋសភា៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នេះ បានរៀបចំការប្រឡងប្រជែងផ្ទៃក្នុងដើម្បីជ្រើសរើស «មន្ត្រីកាន់កម្មវិធី (MC)» ដោយមានបេក្ខជនជាមន្ត្រីរាជការចូលរួមប្រកួតប្រជែងសរុបចំនួន ១៦ រូប។
គណៈកម្មការវាយតម្លៃត្រូវបានដឹកនាំផ្ទាល់ដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា, ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា, ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន។
ដំណើរការប្រឡងត្រូវបានប្រព្រឹត្តទៅយ៉ាងហ្មត់ចត់ និងតឹងរ៉ឹងបំផុត ដើម្បីវាស់ស្ទង់សមត្ថភាពជាក់ស្តែង លើកម្រិតយល់ដឹងទូទៅ ទេពកោសល្យនៃការប្រើប្រាស់ភាសា និងសូរសព្ទ កាយវិការ ភាពរហ័សរហួនក្នុងការដោះស្រាយបញ្ហាចំពោះមុខ ព្រមទាំងបច្ចេកទេសសម្របសម្រួលកម្មវិធីទាំងកម្រិតជាតិ និងអន្តរជាតិ។
ការវាយតម្លៃនេះ ផ្អែកលើគោលការណ៍តម្លាភាព និងគុណាធិបតេយ្យជាចម្បង សំដៅស្វែងរកធនធានមនុស្សដែលមានទេពកោសល្យពិតប្រាកដ ប្រកបដោយវិជ្ជាជីវៈខ្ពស់ មកបំពេញការងារជូនស្ថាប័ននីតិប្បញ្ញត្តិ។
ការជ្រើសរើសមន្ត្រីជំនាញ MC នាពេលនេះ មិនត្រឹមតែជាការបំពេញតម្រូវការការងារប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែជាការអនុវត្តជាក់ស្តែងនូវកម្មវិធីកំណែទម្រង់ស៊ីជម្រៅ និងចក្ខុវិស័យយុទ្ធសាស្ត្រវែងឆ្ងាយ ដែលដាក់ចេញដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នេះ។ ក្នុងនោះ រួមមានការកសាង «រដ្ឋសភាឌីជីថល» និង «រដ្ឋសភាឆ្លាតវៃ» តាមរយៈការពង្រឹងស្តង់ដារទំនាក់ទំនងសាធារណៈ ការផ្សព្វផ្សាយព័ត៌មាន និងការរៀបចំព្រឹត្តិការណ៍នានាឱ្យកាន់តែទំនើប រហ័ស និងមានភាពទាក់ទាញ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងស្ថាប័នរដ្ឋសភា និងប្រជាពលរដ្ឋម្ចាស់ឆ្នោត។
ទន្ទឹមនឹងនេះ ស្របពេលដែលរដ្ឋសភាកម្ពុជាកំពុងពង្រីកតួនាទីយ៉ាងសកម្មលើឆាកអន្តរជាតិ ពិធីករ-ពិធីការិនី គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីមុខមាត់ ភាពថ្លៃថ្នូរ វិជ្ជាជីវៈ និងកិត្យានុភាពរបស់ស្ថាប័ន នៅក្នុងព្រឹត្តិការណ៍ទ្វេភាគី ពហុភាគី ព្រមទាំងសន្និសីទអន្តរជាតិនានា។
លើសពីនេះ ការផ្តល់ឱកាសស្មើភាពគ្នាតាមរយៈការប្រឡងប្រជែងសមត្ថភាព គឺជាការលើកទឹកចិត្តដល់មន្ត្រីដែលមានទេពកោសល្យ និងឆន្ទៈពិតប្រាកដ ស្របតាមគោលការណ៍គុណាធិបតេយ្យ និងទិសដៅកែទម្រង់រដ្ឋបាលឱ្យក្លាយជា «សេនាធិការដ៏រឹងមាំ ឆ្លាតវៃ និងមានវិជ្ជាជីវៈខ្ពស់»។
ឆ្លងកាត់ការវាយតម្លៃនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងទទួលបានធនធានមន្ត្រីជំនាញពិធីការ និងពិធីករ ដែលមានសមត្ថភាពពេញលេញ ចូលរួមចំណែកលើកកម្ពស់គុណភាពនៃការរៀបចំកិច្ចប្រជុំ សិក្ខាសាលា និងពិធីការផ្លូវការទាំងឡាយ ឱ្យកាន់តែមានសោភ័ណភាព រលូន និងប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងទិសដៅទំនើបកម្មនៃរដ្ឋសភាកម្ពុជា៕
