លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជួបប្រជុំជាមួយគណៈកម្មការជំនាញ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដើម្បីជម្រាបជូន អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងផែនការសកម្មភាព នៅក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងកិច្ចការនារី ត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំព្រឹកនេះ ជាកិច្ចប្រជុំពិនិត្យ ពិភាក្សា និងស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈម ជាពិសេសដើម្បីជ្រាបពីយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញដោយផ្តោតសំខាន់ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជានាឆ្នាំ២០៥០។
លោកជំទាវ ឡោក ខេង បានបញ្ជាក់ថា គណៈកម្មការទី៨ នៃរដ្ឋសភា ពិតជាត្រូវការ ការសិក្សាឈ្វេងយល់នូវរាល់វិស័យការងារ ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការ ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ ឱ្យមានប្រសិទ្ធភាព។
ក្រោយពីបានស្ដាប់របាយការណ៍របស់លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងការជជែកពិភាក្សាលើបញ្ហាដែលពាក់ព័ន្ធរួចមក គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងកិច្ចការនារី ដែលបានខិតខំអនុវត្តការងារទទួលបានជោគជ័យ ស្របតាមផែនការ និងបេសកកម្មរបស់ខ្លួនដើម្បីបន្តលើកកម្ពស់ស្ថានភាព ឋានៈ និងតួនាទីរបស់ស្ត្រីនៅកម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំរវាងក្រសួងកិច្ចការនារីជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ បណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នាពេលនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការផ្សេងៗទៀតនៃរដ្ឋសភាផងដែរ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន