សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាក្នុងជំនួបពិភាក្សា និងពិធីលៀងសាយភោជន៍ដាច់ដោយឡែកពីគ្នាជូនគណៈប្រតិភូនារាត្រីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជោគជ័យប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល ដែលភាគីពាក់ព័ន្ឋទំាងអស់ទំាងសភា រាជរដ្ឋាភិបាល/រដ្ឋាភិបាល អង្គការ WHO និងអ្នកធ្វើការងារពាក់ព័ន្ធនឹងវិស័យសុខាភិបាលបានបេ្តជ្ញារួមគ្នាគិតគូរធ្វើសកម្មភាពក្នុងការធានាគុណភាព ប្រសិទ្ធភាព តម្លាភាព និងការកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ស្របតាមគោលការណ៍ «គ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ»។
សម្តេចប្រធានរដ្ឋសភាបានវាយតំលៃខ្ពស់ថា គណៈប្រតិភូទាំងអស់បានបញ្ជាក់ជាថ្មីនូវឆន្ទៈនយោបាយយ៉ាងរឹងមាំ ព្រមទាំងបានបង្កើតក្របខ័ណ្ឌពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ស៊ីជម្រៅលើការអនុវត្តបច្ចេកវិទ្យា AI ក្នុងវិស័យសុខាភិបាល និងការត្រៀមលក្ខណៈឆ្លើយតបទៅនឹងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។ បន្ថែមលើនេះ ព្រឹត្តិការណ៍នេះបានពង្រឹងយ៉ាងជិតស្និទ្ធនូវកិច្ចសហប្រតិបត្តិការរវាងសភានៃបណ្តាប្រទេសក្នុងតំបន់ និងអង្គការ WHO ព្រមទាំងរឹតចំណងមិត្តភាព និងភាពជាដៃគូឱ្យកាន់តែរឹងមាំ។