វិមានរដ្ឋសភា៖ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវលេខាធិការ និងឯកឧត្តមសមាជិកគណៈកម្មការ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ សិក្សា និងផ្តល់យោបល់លើ «សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់»។
ការរៀបចំធ្វើវិសោធនកម្មលើសេចក្តីព្រាងច្បាប់នាពេលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ បង្កើនសមត្ថភាពគ្រប់គ្រង និងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋានឱ្យកាន់តែមានភាពរលូន និងចំគោលដៅ។ ជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែងនេះក៏ដើម្បីធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌគតិយុត្ត ធានាថាលិខិតបទដ្ឋាននៃការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មានភាពស៊ីសង្វាក់គ្នានឹងការវិវត្តសង្គម សេដ្ឋកិច្ចបច្ចុប្បន្ន ព្រមទាំងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅថ្នាក់មូលដ្ឋានឱ្យកាន់តែមាន គុណភាព ប្រសិទ្ធភាព និងឆ្លើយតបខ្ពស់។
កិច្ចប្រជុំពិនិត្យទិដ្ឋភាពច្បាប់ ពីសំណាក់ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភានៅពេលនេះ គឺជាជំហានសំខាន់ក្នុងការផ្ទៀងផ្ទាត់ និងធានាសុគតភាពផ្លូវច្បាប់ មុននឹងសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់សម័យប្រជុំរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តនាពេលខាងមុខ៕












