បន្ទាប់ពីបានប្រារព្ធពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្ដីពីសុខភាពសកល លើកទី៩ ដែលប្រព្រឹត្តទៅ ក្រោមមូលបទ «ការគ្របដណ្តប់សុខភាពជាសកលក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត (AI)» បានបន្តកិច្ចប្រជុំរបស់ខ្លួនចំនួន៤វគ្គជាបន្តទៀត នៅក្នុងថ្ងៃដដែលនេះ ។
នៅក្នុងកិច្ចប្រជុំទាំង៤វគ្គ គណៈប្រតិភូសភា និងស្ថាប័នសុខាភិបាលនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក ទាំង ១៦ ប្រទេសដែលបានមកចូលរួម បានផ្ដល់នូវបទអន្តរាគមន៍ និងធ្វើការពិភាក្សាគ្នាយ៉ាងផុលផុស ទៅលើប្រធានបទនីមួយៗ តាមរបៀបវារៈនៃកិច្ចប្រជុំទាំង៤ ដែលមានដូចជា៖
កិច្ចប្រជុំទី១៖ ជំរុញការគ្របដណ្ដប់សុខភាពសកល (UHC) នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក ការគ្របដណ្តប់សុខភាពសកល (UHC) គឺដើម្បីធានាឱ្យប្រជាជនទទួលបានសេវាសុខភាពដែលមានគុណភាព ដោយមិនជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះណែនាំអំពីគោលគំនិតសំខាន់ៗ និងមាគ៌ាឆ្ពោះទៅរកការគ្របដណ្តប់សុខភាពសកល ដោយផ្អែកលើបទពិសោធន៍របស់តំបន់ និងប្រទេសនានា ក្នុងដំណើរឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពសកល ដោយបង្ហាញពី តួនាទីដ៏សំខាន់របស់សមាជិកសភាក្នុងការជំរុញការគ្របដណ្ដប់សុខភាពសកលតាមរយៈការតាក់តែងច្បាប់ ការរៀបចំថវិកា ការត្រួតពិនិត្យ និងភាពជាតំណាងឱ្យប្រជាពលរដ្ឋ។
កិច្ចប្រជុំទី២៖ អភិបាលកិច្ចសភាឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពសកល (UHC)៖ វឌ្ឍនភាព និងបញ្ហាប្រឈម បទពិសោធន៍តាមប្រទេស
ទោះបីជាមានការរីកចម្រើនច្រើនក្តី ប្រទេសភាគច្រើននៅតែប្រឈមមុខក្នុងការកែប្រែគោលការណ៍ UHC ឱ្យទៅជាលទ្ធផលសមធម៌ និងយូរអង្វែង។ បញ្ហាប្រឈមចម្បងមានដូចជា ទីតាំងដាច់ស្រយាល កង្វះកម្លាំងពលកម្ម ការកើនឡើងថ្លៃដើម ភាពចាស់ជរានៃប្រជាជន និងជំងឺមិនឆ្លង។ កិច្ចប្រជុំបានផ្តល់វេទិកាឱ្យសមាជិកសភាចែករំលែកបទពិសោធន៍ លើចំណុចខ្លាំង ឧបសគ្គ និងកំណែទម្រង់កន្លងមក ជាពិសេសការសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្តេជ្ញាចិត្តខាងនយោបាយប្រកបដោយចីរភាព និងការដឹកនាំយ៉ាងសកម្មរបស់សភា។
កិច្ចប្រជុំទី៣៖ ការគ្របដណ្ដប់សុខភាពសកល (UHC) ក្នុងយុគសម័យការប្រែប្រួលអាកាសធាតុ ការប្រែប្រួលអាកាសធាតុបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងបានដាក់សម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធសុខាភិបាលក្នុងតំបន់។ ការសម្រេចបានការគ្របដណ្ដប់សុខភាពសកល ទាមទារឱ្យមានប្រព័ន្ធសុខាភិបាលដែលមានភាពធន់នឹងអាកាសធាតុ និងយកប្រជាជនជាធំ។ សមាជិកសភាមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញរបៀបវារៈនេះ តាមរយៈការបង្កើតច្បាប់ ការផ្តល់ហិរញ្ញប្បទាន តាមដានត្រួតពិនិត្យ និងកិច្ចសហការអន្តរវិស័យ។
កិច្ចប្រជុំនេះបានស្វែងយល់អំពីរបៀបដែលបណ្ដាប្រទេសនានាកំពុងបញ្ចូលភាពធន់នឹងអាកាសធាតុទៅក្នុងដំណើរឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល និងពិភាក្សាអំពីរបៀបដែលភាពជាអ្នកដឹកនាំរបស់សភាអាចជួយពន្លឿនប្រព័ន្ធសុខាភិបាលប្រកបដោយសមធម៌ ភាពធន់ និងនិរន្តរភាពសម្រាប់ទាំងអស់គ្នា។
កិច្ចប្រជុំទី៤៖ ការគ្របដណ្តប់សុខភាពសកល ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យា AI កំពុងត្រូវបានប្រើប្រាស់កាន់តែច្រើនក្នុងប្រព័ន្ធសុខាភិបាល ចាប់តាំងពីការព្យាបាល រហូតដល់ការគ្រប់គ្រងទិន្នន័យ។ កិច្ចប្រជុំបានពិភាក្សាលើការប្រើ AI ដើម្បីបង្កើនសមធម៌ គុណភាពសេវា និងការការពារផ្នែកហិរញ្ញវត្ថុសម្រាប់ការគ្របដណ្តប់សុខភាពជាសកល។ កិច្ចប្រជុំនេះបានផ្តល់ជូនសមាជិកសភានូវចំណេះដឹងអំពីរបៀបដែល AI អាចផ្តល់ផលប្រយោជន៍ដល់សាធារណជន សម្រាប់ការគ្របដណ្តប់សុខភាពសកល (UHC) របៀបកំណត់អាទិភាពលើការប្រើប្រាស់ AI នៅក្នុងបរិបទដែលធនធានមានកម្រិត និងកត្តាចាំបាច់នានានៅក្នុងប្រព័ន្ធអេកូឡូស៊ី។ ការពិភាក្សាក៏បានលើកឡើងពីតួនាទីរបស់សមាជិកសភាក្នុងការទទួលយក AI មកប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងធានាថា ធនធានសាធារណៈដែលមានកម្រិតត្រូវបានបែងចែកទៅលើដំណោះស្រាយនានាដែលជួយពង្រឹងប្រព័ន្ធសុខាភិបាលជាជាងការបង្កើនគម្លាតដែលមានស្រាប់។