គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា, ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា និងជាប្រធានអនុគណៈកម្មការហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភារ, ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា និងជាអគ្គលេខាធិការរងប្រចាំការ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត បានអញ្ជើញជួបពិភាក្សាការងារ ជាមួយតំណាងភាគីអង្គការសុខភាពពិភពលោក (WHO) ដឹកនាំដោយ លោក Lluis Vinals Torres នាយកផ្នែកប្រព័ន្ធសុខាភិបាលនៃអង្គការ WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងលោកស្រីវេជ្ជបណ្ឌិត Genevieve Howse អ្នកសម្របសម្រួលផ្នែកច្បាប់ និងអភិបាលកិច្ចនៃអង្គការ WHO ប្រចាំតំបន់ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្នុងរាជធានីភ្នំពេញ។
ជំនួបពិភាក្សានេះ ផ្តោតសំខាន់លើការផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាង «សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ» ដែលជាសេចក្តីប្រកាសផ្លូវការដ៏មានសារៈសំខាន់ បន្ទាប់ពីបញ្ចប់ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្ដីពីសុខភាពសកល លើកទី៩» ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅក្នុងរាជធានីភ្នំពេញ។
ជំនួបនេះមិនត្រឹមតែជាការផ្លាស់ប្តូរមតិយោបល់តាមបែបពិធីការប៉ុណ្ណោះទេ ប៉ុន្តែបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរវាងភាគីទាំងពីរ ក្នុងការប្រែក្លាយលទ្ធផលនៃកិច្ចប្រជុំឱ្យទៅជាសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាពខ្ពស់ ក្នុង គោលដៅចម្បង គឺដើម្បីឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការធានាឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលអនុញ្ញាតឱ្យប្រជាជនគ្រប់រូបទទួលបានសេវាសុខាភិបាលមានគុណភាព តម្លៃសមរម្យ និងជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុធ្ងន់ធ្ងរ។
ជាមួយគ្នានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរៀបចំសេចក្តីថ្លែងការណ៍ឱ្យគ្របដណ្តប់លើវិធានការជាក់ស្តែង ដោយផ្តោតលើការការពារក្រុមងាយរងគ្រោះ ដូចជា ជនក្រីក្រ ស្ត្រី កុមារ ជនមានពិការភាព មនុស្សចាស់ ជនចំណាកស្រុក ប្រជាជននៅតំបន់ដាច់ស្រយាល និងជនភៀសខ្លួនដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពាន ឱ្យទទួលបានការថែទាំសុខភាពដោយស្មើភាព។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានផ្តោតលើការកសាងប្រព័ន្ធសុខាភិបាលឱ្យមានភាពធន់ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះផលប៉ះពាល់សុខភាពដែលបង្កឡើងដោយការប្រែប្រួលធាតុអាកាស។
ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យា លោកជំទាវ ឡោក ខេង បានគូសបញ្ជាក់ថា បញ្ញាសប្បនិម្មិត (AI) មានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេវាសុខាភិបាល និងជួយគាំទ្រដល់បុគ្គលិកសុខាភិបាល ប៉ុន្តែការយកមកអនុវត្តជាក់ស្តែងចាំបាច់ត្រូវតែឈរលើគោលការណ៍សុវត្ថិភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់បំផុត។
ជាការឆ្លើយតប តំណាងអង្គការ WHO បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម រួមទាំងការប្តេជ្ញាចិត្តយ៉ាងសកម្មរបស់កម្ពុជា។ អង្គការ WHO បានបញ្ជាក់ជំហរគាំទ្រយ៉ាងពេញទំហឹងដល់ «សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ» នេះ ដើម្បីប្រែក្លាយជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់ សម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក យកទៅអនុវត្តជាគោលនយោបាយ និងសកម្មភាពជាក់ស្តែង ក្នុងគោលដៅលើកកម្ពស់សុខុមាលភាពប្រជាជនទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។











