ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភា និងជាអនុប្រធានប្រចាំការ ក្រុមអ្នកនាំពាក្យ ប្រតិកម្មរហ័សនិងយុទ្ធសាស្រ្តនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនិងលើកទិសដៅបន្តរបស់ក្រុមអ្នកនាំពាក្យ ប្រតិកម្មរហ័ស និងយុទ្ធសាស្រ្តនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
ក្រុមអ្នកនាំពាក្យ ប្រតិកម្មរហ័ស និងយុទ្ធសាស្រ្តនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានបង្កើតឡើងជាសេនាធិការរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅក្នុងការប្រមូល តាមដានព័ត៌មានប្រចាំថ្ងៃ និងការជំរុញការផលិតព័ត៌មាន របស់រដ្ឋសភាជូនថ្នាក់ដឹកនាំ និងសមាជិកសមាជិការដ្ឋសភា ធ្វើការផ្សព្វផ្សាយជូនដល់ពលរដ្ឋឱ្យបានទូលំទូលាយ។ ក្រុមការងារនេះ ក៏មានភារកិច្ច តាមដាន វិភាគលើព្រឹត្តិការណ៍អន្តរជាតិ និងលើកជាយុទ្ធសាស្រ្តជុំវិញព័ត៌មានដែលខ្លួនប្រមូល ឬតាមការវិភាគរបស់ខ្លួន ជូនដល់ថ្នាក់ដឹកនាំផងដែរ។
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលក្រុមការងារសម្រេចបាននៅក្នុងរយៈពេលកន្លងមកនេះ។ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តនិងជំរុញដល់សមាជិកក្រុមការងារទំាងអស់ បន្តខិតខំបំពេញការងារក្នុងស្មារតីទទួលខុសត្រូវ ដើម្បីសម្រេចបាននូវលទ្ធផលថ្មីស្របតាម ផែនការដែលបានលើកឡើង។