ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អមដំណើដោយមន្ត្រីរដ្ឋបាលឃុំច្រេស នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើលការវាស់វែងដីធ្វើផ្លូវនៅភូមិចក ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅក្នុងវេទិការសាធារណៈ មានសំណើរបស់ប្រជាពលរដ្ឋឱ្យសុំឱ្យមានការបើកផ្លូវ នៅត្រង់ចំណុចភូមិ-ឃុំខាងលើ ឯកឧត្តមបណ្ឌិត បានអញ្ជើញចុះទៅសម្របសម្រួលឱ្យមានការចូលរួមបរិច្ចាគដីពីប្រជាពលរដ្ឋនៅទីនោះ សម្រាប់បង្កើតជាផ្លូវ ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួម ដោយបានពង្រីកពីភ្លឺស្រែទំហំកន្លះម៉ែត្រ មកជាទំហំបីម៉ែត្រ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ស្នើដល់ប្រជាពលរដ្ឋ សូមរួមចំណែកក្នុងការបរិច្ចាគដី ដើម្បីបង្កើតឱ្យមានផ្លូវ ព្រោះវាធ្វើឱ្យមានភាពងាយស្រួល ក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូន កសិផលផ្សេងៗ និងបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវចុះពិនិត្យមើល នៅតាមទីតាំងដែលមានផ្លូវចាស់ ដោយចុះកំណត់ព្រំឱ្យហើយ ដើម្បីជៀសវាងមានការទន្ទ្រានយក ធ្វើជាកម្មសិទ្ធិ របស់បុគ្គល។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត បានរួមចំណែកថវិកាមួយចំនួន ក្នុងការចាក់ដីធ្វើផ្លូវផងដែរ៕