នាថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អមដំណើរដោយសមាជិក សមាជិកាក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច រួមជាមួយរដ្ឋបាលឃុំច្រេស បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងនាំយកសម្ភារៈសិក្សា ទៅចែកជូនសិស្សានុសិស្ស នៃសាលា បឋមសិក្សាជំទាវ ស្ថិតនៅភូមិជំទាវ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សរុបចំនួន ៣២០នាក់ ស្រីចំនួន ១៧១នាក់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានកោតសសើរដល់លោកនាយក និងគណៈគ្រប់គ្រងសាលា ដែលបានទប់ស្កាត់ មិនឱ្យលក់ដូរនំកញ្ចប់ និងគ្រឿងកំប៉ុងផ្សេងៗនៅក្នុងបរិវេណសាលារៀន ដោយជំនួសមកវិញនូវការទទួលទាននូវ របបអាហារធ្វេីផ្ទាល់ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់ដល់សិស្សានុសិស្ស ដែលរៀនពេលព្រឹក និងជាពិសេស បានរៀបចំបរិវេណសាលា ឱ្យមានសណ្ដាប់ធ្នាប់ និងមានសោភ័ណភាពល្អ គ្មានសំរាមប្លាស្ទិក។
ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍ផ្ដាំផ្ញើ និងលើកទឹកចិត្តលោកគ្រូ អ្នកគ្រូត្រូវបន្តជំរុញបន្ថែម ក្នុងការអប់រំណែនាំសិស្សានុសិស្ សឱ្យចេះសម្អាតខ្លួនប្រាណ ស្លៀកសម្លៀកបំពាក់ឯកសណ្ឋានសិស្សឱ្យបានស្អាត និងសមរម្យ។ បន្ទាប់ពីបញ្ចប់ ការជួបសំណេះសំណាលរួចមក ឯកឧត្តបណ្ឌិត បានបន្តអញ្ជើញចុះពិនិត្យមេីល រោងបរិភោគអាហារ របស់សិស្សានុសិស្ សដែលចាំបាច់ត្រូវការចាក់បេតុង ដើម្បីងាយស្រួលឱ្យសិស្សានុសិស្ស មានកន្លែងសមរម្យសម្រាប់បរិភោគ អាហារពេលព្រឹក។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានចូលរួមចំណែកក្នុងការចាក់បេតុង រៀបចំរោងសម្រាប់សិស្សានុសិស្សបរិភោគអាហារនូវស៊ីម៉ងត៍ចំនួន ៣តោន និងខ្សាច់ចំនួន ២ឡានផងដែរ៕