បន្ទាប់ពីចុះបំពេញបេសកកម្មនៅខេត្តកំពតរួចមក គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញទៅកាន់ខេត្តតាកែវ ជាបន្តទៀត។ នៅក្នុងខេត្តតាកែវ គណៈប្រតិភូគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តតាកែវ ព្រមទាំងស្នងការនគរបាល កងរាជអាវុធហត្ថ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត ដើម្បីសិក្សាស្វែងយល់ និងប្រមូលព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ដោយផ្ដោតលើវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងបញ្ហាប្រឈមដែលខេត្តបានជួបប្រទះ ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ នៅក្នុងការជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន តាំងពីរាជរដ្ឋាភិបាលអាណត្តិមុនៗ និងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងដោយមានការជួយឧបត្ថម្ភគាំទ្រពីក្រសួងស្ថាប័នថ្នាក់ជាតិ រួមជាមួយនឹងការខិតខំបំពេញការងាររបស់រដ្ឋបាលខេត្ត បានធ្វើឱ្យខេត្តតាកែវ មានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ ដោយឡែក លើការងារអនុវត្តច្បាប់ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំសម្របសម្រួល និងជំរុញដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ក៏ដូចជាយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងគោលការណ៍នានារបស់រដ្ឋបាលខេត្ត ប្រកបដោយទំនួលខុសត្រូវខ្ពស់។
រដ្ឋបាលខេត្តក៏បានធ្វើការផ្សព្វផ្សាយច្បាប់ជូនដល់ប្រជាពលរដ្ឋ គ្រប់ភាគីពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានយល់ដឹង និងចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា។ ក្នុងករណីមានបទល្មើសណាមួយកើតឡើង រដ្ឋបាលខេត្ត តែងបានចាត់វិធានការក្នុងការទប់ស្កាត់ បានទាន់ពេលវេលា។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានយកចិត្តទុកដាក់ ក្នុងការបំពេញការងារ ការបង្ក្រាប ទប់ស្កាត់ បញ្ហាការជួញដូរការប្រើប្រាស់គ្រឿងញៀន ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន ការទន្រ្ទានធនធានធម្មជាតិ ការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ និងភាពអសកម្មផ្សេងៗជាដើម។ និយាយជារួម រាល់ការដោះស្រាយទំនាស់ ទាំងក្នុងប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ រដ្ឋបាលខេត្តមានកិច្ចសហការល្អ ជាមួយអយ្យការអមសាលាដំបូងខេត្ត អង្គភាពអនុវត្តច្បាប់ និងភាគីពាក់ព័ន្ធ ធ្វើការដោះស្រាយបានទាន់ពេលវេលា និងអាចទទួលយកបាន។
ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនរដ្ឋបាលខេត្តតាកែវ និងមន្ទីរពាក់ព័ន្ធដែលបានខិតខំយកអស់កម្លាំងកាយចិត្តក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ តាមរយៈការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានា ជាមួយនឹងការជំរុញការផ្សព្វផ្សាយច្បាប់ជូនដល់ប្រជាពលរដ្ឋបានយល់ដឹង ដើម្បីឱ្យពួកគាត់ចូលរួមក្នុងការអនុវត្តច្បាប់ទាំងអស់គ្នាដើម្បីប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសនីតិរដ្ឋពិតប្រាកដ។
ចំណែកសំណូមពររបស់រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ ដែលបានលើកឡើង ឯកឧត្តម ប្រធានគណៈកម្មការ បានមានប្រសាសន៍ថា គណៈកម្មការនឹងធ្វើរបាយការណ៍ តាមរយៈសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនទៅរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយអន្តរាគមន៍រកមធ្យោបាយដោះស្រាយជូន៕