នៅទីក្រុងម៉ុង់រ៉េអាល់ ប្រទេសកាណាដា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូនៃក្រុមសភាជាតិកម្ពុជាAPF រួមមាន លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ឯកឧត្តម ប៉ាន សូរស័ក្តិ លេខាធិការគណៈកម្មការទី៩នៃរដ្ឋសភា ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៥នៃរដ្ឋសភា និងឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា បានអញ្ជើញចូលរួមមហាសន្និបាតលើកទី៤៩ នៃសភានិយាយភាសាបារាំង ក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិត”។
នៅក្នុងអំឡុងពេលនេះដែរ គណៈប្រតិភូបានចូលរួមកិច្ចប្រជុំគណៈកម្មការជំនាញចំនួន៤៖ កិច្ចប្រជុំបណ្តាញសមាជិកាសភា កិច្ចប្រជុំបណ្តាញសមាជិកសភាវ័យក្មេង កិច្ចប្រជុំគណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយ កិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន ក្នុងចំណោមកិច្ចប្រជុំគណៈកម្មការជំនាញចំនួន៦។
ក្រៅពីនេះ គណៈប្រតិភូក៏មានកម្មវិធីជំនួបទ្វេភាគីជាមួយ លោកជំទាវ Raymonde Gagné ប្រធានព្រឹទ្ធសភាកាណាដា ឯកឧត្តម Christophe-André FRASSA អគ្គប្រតិភូស្តីទីនៃ Délégué général par interim និងជាប្រធានគណៈកម្មការនយោបាយនៃសភានិយាយភាសាបារាំង ឯកឧត្តម André REICHARDT សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមសភាជាតិបារាំង-នៃសភាប្រើភាសាបារាំង ឯកឧត្តម Francis DROUIN ប្រធានសភានិយាយភាសាបារាំង ឯកឧត្តម Hassan BENOMAR តំណាងរាស្រ្ត និងជាប្រធានក្រុមសភាជាតិម៉ារ៉ុក-នៃសភានិយាយភាសាបារាំង និងឯកឧត្តម Nicolas Walder ប្រធានក្រុមសភាជាតិស្វីស-APF-ទីប្រឹក្សាជាតិ។